ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ជាមួយគ្រឿងញៀនជាច្រើនកញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងជំនាញសហការជាមួយកម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន០១នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣ និង០០នាទី
យប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យក្នុងករណីនេះឈ្មោះ ង្វៀង យុំាងឌឺក ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។សម្ភារចាប់យកមាន ម្សៅក្រាមសថ្លាជាគ្រឿងញៀនចំនួន១ថង់ធំល្មម និង៣ថង់តូច, ម៉ូតូម៉ាកស៊ុយហ៊្សុយគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BU-៧៥៨៤ចំនួន១គ្រឿង និងទូរស័ព្ទដៃម៉ាកoppo ពណ៌ខ្មៅ ចំនួន១គ្រឿង។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងគ្រឿងញៀននៅចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យម្នាក់ ភ្លាមនោះកម្លាំងយើងក៏បានហៅឱ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យឆែកឆេររកឃើញសម្ភារដូចបានរៀបរាប់ខាងលើ ហើយកម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកធ្វើតេស្តស្វែងរកសារធាតុញៀននៅក្នុងទឹកនោម ជាលទ្ធផលវិជ្ជមាន(មានសារធាតុញៀនក្នុងទឹកនោម)។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រួមទាំងវត្ថុតាងដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ ព្រែកសំរោង


ចែករំលែក៖