ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពបញ្ជាការដ្ឋានអង្គរក្ស បានច្រានចោលការចោទប្រកាន់ថា ជនល្មើសក្នុងករណីប្លន់ចាប់ជំរិតមិនមែនជាអង្គរក្ស, ខណ:ប័ណ្ណសម្គាល់ខ្លួនដែលបានចែកចាយជាប័ណ្ណក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បញ្ជាការដ្ឋានអង្គរក្ស បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា ឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ ដែលជាជនល្មើសក្នុងហេតុការណ៍ប្លន់ចាប់ជំរិត នៅបុរីអង្គរភ្នំពេញ ជាមន្ដ្រីរបស់បញ្ជាការដ្ឋានអង្គរក្ស បន្ទាប់ពីមានការបង្ហោះលើបណ្តាញហ្វេសប៊ុកចែកចាយរូបភាព ហើយថាជាមន្ត្រីអង្គរក្សនោះ។

នៅក្នុងលិខិតបដិសេធរបស់ស្នងការដ្ឋានបុគ្គលិក-បណ្ដុះបណ្ដាល នៃបញ្ជាការដ្ឋានអង្គរក្ស ទទួលបានអះអាងយ៉ាងដូច្នេះថា, ឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ មិនមានឈ្មោះ និងក្របខ័ណ្ឌក្នុងបញ្ជាការដ្ឋានអង្គរក្សនោះឡើយ ហើយប័ណ្ណសម្គាល់ខ្លួនដែលបានចែកចាយនោះ ជាប័ណ្ណសម្គាល់ខ្លួនក្លែងក្លាយ មិនមែនប័ណ្ណដែលចេញដោយបញ្ជាការដ្ឋានអង្គរក្សនោះទេ។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅពេលបើកប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា, ខ្ញុំបានដឹកនាំកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ ចុះបង្ក្រាប ករណីចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយឧក្រិដ្ឋជន០៤នាក់ បានរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ ជាក្រោយ។ ក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង៕

ដោយ៖ សិលា


ចែករំលែក៖