ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសៅរ៍ ៨រោជ ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយយោងតាមការណែនាំរបស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុ ខិតខំចាក់វ៉ាក់សាំងជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលនៅជួមុខ កំពុងប្រតិបត្តិការនៅតាមមណ្ឌលធ្វើចក្តាឡីស័ក នឹងកន្លែងដែលមានការពាក់ព័ន្ធនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋរបស់យើង។ ការចាក់វ៉ាក់សាំងនេះមានទាំង Sinopharm សម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៥៩ឆ្នាំចុះក្រោម និង ASTRA Senecaសម្រាប់មនុស្ស ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៅក្នុងមន្ទីរពេទ្យកន្លងមក ការចាក់វ៉ាក់សាំងនេះត្រូវដំណើរ ការនៅក្នុងមន្ទីរពេទ្យ ក៏ប៉ុន្តែដោយសារតែស្ថានភាពនៅក្នុងខេត្តព្រះសីហនុយើងខ្ញុំក៏បានធ្វើការពិភាក្សាជាមួយលោកស្រី យក់ សម្បត្តិ និងបាន សុំការអនុញ្ញាតពីលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ តាមរយៈលោកស្រីប្រធានមន្ទីរអប់រំខេត្តព្រះសីហនុ គឺស្នើសុំការប្រើប្រាស់នូវសាលាបឋមសិក្សា និងអនុវិទ្យាល័យតេជោសែនកម្មករក្រុង មានទីតាំងភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដើម្បីប្រើប្រាស់ធ្វើជាមណ្ឌលសម្រាប់ការចាក់វ៉ាក់សាំងវិញ។ ដោយសារតែភូមិសាស្ត្រទីនេះ ទៅជិតមន្ទីរពេទ្យចម្ងាយប្រហែលជាង ១០០ម៉ែត្រ តែប៉ុណ្ណោះ ដូច្នេះយើងអាចប្រើប្រាស់ទីតាំងនេះបាន ទន្ទឹមនោះយើងក៏ត្រៀមរថយន្តសង្គ្រោះចំនួន ០២គ្រឿង ប្រចាំការនៅក្នុងមណ្ឌលចាក់វ៉ាក់សាំងនេះផងដែរ ។
លោក គួច ចំរើន បន្តថា រដ្ឋបាលខេត្តបានឯកភាពយកទីតាំងសាលាបឋមសិក្សា និងអនុវិទ្យាល័យតេជោសែនកម្មករក្រុង ជាទីតាំងចាក់វ៉ាក់សាំង ហើយក្រុមការងាររបស់យើងបានចុះមកធ្វើការពិនិត្យ និងរៀបចំដំណើរការ ដើម្បីបន្តការចាក់វ៉ាក់សាំងSinopharmនិង Astra Ceneca ជូនមន្ត្រីប្រចាំគោលដៅដែលយើងបានកំណត់រួចហើយ ។
ចាប់ពីថ្ងៃស្អែក គឺថ្ងៃអាទិត្យ ទី៧ ខែមីនា ឆ្នាំ២០២១ យើងនឹងដំ ណើរការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ នៅសាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករក្រុង ជាទីតាំងសម្រាប់ធ្វើការចាក់វ៉ាក់សាំង ។
យើងបន្តការចាក់វ៉ាក់សាំងទៅ តាមការរៀបចំ ដើម្បីឱ្យមានសណ្តាប់ធ្នាប់ និងដើម្បីពន្លឿនការចាក់ឱ្យបានលឿន ប្រសិនបើមិនបានរៀបចំទេ ស្ថានភាពដែលបង្ក ឱ្យបាត់សណ្តាប់ធ្នាប់ ព្រោះបទពិសោធន៍ដូចកាលពីល្ងាចថ្ងៃម្សិលមិញ បងប្អូនដែលមិនទាន់កំណត់មុខសញ្ញា ដើម្បីចាក់វ៉ាក់សាំង ពួកគាត់ក៏មកបញ្ចៀតគ្នាចាក់វ៉ាក់សាំងធ្វើឱ្យមានការលំបាក ទី១.នាំឱ្យមានភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងរបស់ក្រុមគ្រូពេទ្យ ទី២. អាចថាស្ថានការរបស់យើងនៅតែខិតខំគោរពនូវគោលការ ៣.ការពារ និង ៣.កុំ ពិសេសគន្លាតសុវត្ថិភាព បើយើងមកប្រជ្រៀតគ្នាវាខុសនឹងគោលការរបស់ក្រសួងសុខាភិបាលដែលបានកំណត់ ដូច្នេះអ្វីដែលជាការរៀបចំ គឺយើងត្រូវរៀបចំប្រើប្រាស់ឱ្យអស់សក្តានុពលនូវក្រុមគ្រូពេទ្យរបស់យើង ក្នុងការចាក់វ៉ាក់សាំងឱ្យបានលឿន ឱ្យបានច្រើនក្នុងមួយថ្ងៃៗ ដើម្បីកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ ។
សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុ យកមន្ទីរពេទ្យបង្អែកខេត្ត ជាទីតាំងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យតេជោ សែនកម្មករក្រុង ជាកន្លែងយកសំណាក ៕
ដោយ៖ឆ្លាម សមុទ្រ