ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល: ទីតាំង ម៉ាស្សា ៣ កន្លែង នៅរាជធានីភ្នំពេញ និងការដាក់ចេញនូវវិធានការចាំបាច់ សម្រាប់ទប់ស្កាត់ការចម្លង ក្នុងទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការធ្វើតេស្តស្រាវជ្រាវរកករណីវិជ្ជមានវីរុសកូវីដ-១៩ សម្រាប់អ្នកដែលមានការពាក់ព័ន្ធទៅនឹងទីតាំង ម៉ាស្សា ៣ កន្លែង នៅរាជធានីភ្នំពេញ និងការដាក់ចេញនូវវិធានការចាំបាច់ សម្រាប់ទប់ស្កាត់ការចម្លង ក្នុងទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា។

យោងតាមលិខិតលេខ ០១០ លស/២១ ចុះថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ របស់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គល សង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ ហាងម៉ា ស្សាឈ្មោះ ឡេស៍រីឡេកស្បា (Let’s Relex Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ២១ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ-១៩ ម្នាក់ជាស្រ្តីជនជាតិចិន (មិនចាំថ្ងៃ) បានទៅប្រើប្រាស់សេវានៅទីនោះ។ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោយពីការយកវត្ថុសំណាកលើកទី១ បានចំនួន៤៧នាក់ ដែលជាបុគ្គលិកមកពីសាខាទាំង៣ទីតាំងរបស់ហាងម៉ាស្សានេះ រួចមក (ទីតាំងទាំង២កន្លែងទៀត គឺមានអាសយដ្ឋានដូចខាងក្រោម ) ហើយហាងទាំង៣ទីតាំងនេះ ក៏មានការទទួលភ្ញៀវតាមទម្លាប់ ធម្មតាដោយមានការផ្លាស់ប្តូរបុគ្គលិកពីទីតាំងមួយទៅទីតាំងមួយក្នុងចំណោមទីតាំងទាំង៣ ក្នុងរយៈពេលមួយសប្តាហ៍ម្តង។ ក្រោយការយកវត្ថុសំណាកលើកទី២ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ លទ្ធផលវិភាគមន្ទីរពិសោធន៍បានបង្ហាញថា មានករណីវិជ្ជមាន វីរុសកូវីដ-១៩ លើបុគ្គលិកហាងម៉ាស្សានេះ ចំនួន ០៣នាក់។
អាស្រ័យដូចបានជម្រាបជូនខាងលើ ដើម្បីទប់ស្កាត់បានទាន់ពេលវេលានូវការចម្លងបន្តពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ដែល អាចនឹងមានការចម្លងទ្រង់ទ្រាយ ជាចង្កោមធំៗនៅក្នុងសហគមន៍ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអតិថិជនទាំងអស់ ដែលបានអញ្ជើញទៅប្រើប្រាស់សេវាម៉ាស្សាចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២១ នៅហាងម៉ាស្សាដែលមានទីតាំងទាំង៣ដូចខាងក្រោមនេះ សូមមេត្តារួសរាន់អញ្ជើញទៅធ្វើតេស្តយកវត្ថុសំណាកធ្វើវិភាគ នៅវិទ្យាជាតិស្រាវជ្រាវសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ដល់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រៀងរាល់ម៉ោងធ្វើ ការ និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះសម្បែងរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ទីតាំងហាងម៉ាស្សាទាំង៣កន្លែង មានដូចត ទៅ៖

១. ឡេស៍រីឡេកស្ប៉ា (Let’s Relex Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ២១ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។

២. ឡេស៍រីឡេកស្ប៉ា (Let’s Relex Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ២៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ ធានីភ្នំពេញ។
៣-(Lets Relex Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ១៩៩ ផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ។

សូមបងប្អូនអតិថិជនដែលបានប្រើប្រាស់សេវានៅទីតាំងទាំង៣កន្លែងខាងលើ មានភាពស្មោះត្រង់មកធ្វើតេស្ត និងធ្វើ ចត្តាឡីស័កចំនួន ១៤ថ្ងៃ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ដើម្បីចូលរួមចំណែកក្នុងការកាត់ផ្តាច់បាននូវការចម្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍យើងបានទាន់ពេលវេលា បញ្ចៀសបាននូវគ្រោះថ្នាក់នៃការរាតត្បាតលក្ខណៈធំធេងនៅរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា។
ដោយសភាពការណ៍នៃការឆ្លងវីរុសកូវីដ-១៩ មានលក្ខណៈរាតត្បាតឆ្លងច្រើនកន្លែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញការណែនាំដ៏ខ្ពង់ខ្ពស់តាមសារសម្លេងរួចហើយនាវេលា ម៉ោង២១:១០នាទីនៃយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ (សូមស្តាប់តាមសារសម្លេងនេះឱ្យបានគ្រប់ៗគ្នា) ហើយក្រសួង មានសង្ឃឹម យ៉ាងមុតមាំលើការសហការអនុវត្តន៍វិធានការសុខាភិបាលរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកដែលមានការប៉ះពាល់ ឬមាន ទំនាក់ទំនងទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតាមទីតាំងនានា ដោយអនុវត្តន៍កិច្ចការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន ដូចខាងក្រោម៖

+ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យអនុវត្តន៍រួចហើយនូវវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព បុគ្គល មួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងដែលមានមនុស្សកុះករកកកុញច្រើន កុំទៅកន្លែងដែលបិទជិត គ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា នៅពេលជួបគ្នាធ្វើគាវរកិច្ច គ្នា ជាដើម) ដែលចាំបាច់នៅពេលនេះ ត្រូវតែអនុវត្តន៍ឱ្យបានគ្រប់គ្នាៗ ដោយមិនមានការធ្វេសប្រហែសឡើយ។

+ ត្រូវអនុវត្តន៍ការធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ឱ្យបានត្រឹមត្រូវសម្រាប់អ្នកដែលតម្រូវឱ្យធ្វើចត្តាឡីស័ក នៅតាមទី កន្លែងចត្តាឡីស័កក្តី ឬនៅតាមផ្ទះសម្បែងរបស់ខ្លួន។
+ ត្រូវចូលរួមធ្វើតេស្តវិភាគរកវីរុសកូវីដ-១៩ ប្រសិនបើសង្ស័យថាមានការប៉ះពាល់អ្នកជំងឺកូវីដ-១៩ ឬមានរោគសញ្ញាសង្ស័យជំងឺកូវីដ-១៩ ឬមានជំងឺផ្តាសាយដែលសង្ស័យ និងដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេភ្លាមៗ។
+ ត្រូវគ្រប់គ្រងកូនចៅនៅតាមគ្រួសារនិមួយៗឱ្យបានហ្មត់ចត់ជាទីបំផុត ដោយឱ្យនៅផ្ទះ។ សម្រាប់មនុស្សពេញវ័យ ប្រសិនបើមិនមានការចាំបាច់ ត្រូវនៅផ្ទះ ត្រូវផ្អាក ឬពន្យាពេល នូវរាល់ការជួបជុំ ឬការប្រមូលផ្ដុំស៊ីផឹកដែលមានការ ជួបជុំគ្នាច្រើន ដូចជាពិធីរៀបអាពាពិពារហ៍ ពីធីឡើងផ្ទះ ឬពិធីជួបជុំគ្នាច្រើន និងចាំបាច់ត្រូវតែអនុវត្តន៍នូវវិធានការ ការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលអាចកាត់បន្ថយបានជាអតិប្បរិមានូវ ហានិភ័យនៃការចម្លងបន្តគ្នា ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតដោយមិនដឹងខ្លួន។

+ ក្រសួង /ស្ថាប័ននិតិប្រតិបត្តិ និងនិតិបញ្ញត្ត ត្រូវកាត់បន្ថយចំនួនបុគ្គលិក – មន្ត្រីរាជការមកធ្វើការនៅតាមក្រសួងស្ថាប័ន របស់ខ្លួន ដោយតម្រូវឱ្យធ្វើការតាមផ្ទះ ឬតាមអនឡាញវិញ ក្នុងរយៈពេលយ៉ាងតិច ៧ថ្ងៃ។ សូមរក្សាទុកបុគ្គលិក មន្ត្រីរាជការ មួយចំនួនក្នុងកម្រិតតិច សម្រាប់ធ្វើការនៅក្នុងក្រសួង-ស្ថាប័ន ដោយមានការផ្លាស់វេនគ្នា។

+ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត នៅក្នុងដំណាក់កាលនៃការរុករកករណីឆ្លងវីរុសវីរុសកូដ-១៩ ដោយគ្រប់ទី កន្លែង រួមទាំងរោងចក្រ សហគ្រាស ហាងលក់ឥវ៉ាន់ ឬសម្ភារៈ ភោជនីយដ្ឋាន -អាហារដ្ឋាន សណ្ឋាគារ ឬកន្លែង កំសាន្តនានាជាដើម ចាំបាច់ ត្រូវតែមានការត្រួតពិនិត្យបុគ្គលិក ឬអតិថិជន របស់ខ្លួនឱ្យបានហ្មត់ចត់ជាទីបំផុត មុន អនុញ្ញាតឱ្យចូលទៅកាន់ទីកន្លែងរបស់ខ្លួន ចាំបាច់ត្រូវមានស្កេន QR Code (តាមការណែនាំរួចហើយ)។ ប្រសិនបើ បុគ្គល-អតិថិជនណាមិនមានពាក់ម៉ាស់ មិនមានវាស់កំដៅ មិនមានលាងដៃជាមួយអាល់កុល និងមិនរក្សាគម្លាត សុវត្ថិភាពបុគ្គលបានត្រឹមត្រូវទេនោះ សូមកុំអនុញ្ញាតឱ្យចូលទៅទីកន្លែងរបស់ខ្លួន ដើម្បីចូលរួមបញ្ចៀសហានិភ័យ នៃការចម្លងវីរុសកូវីដ-១៩ នៅតាមទីកន្លែងនោះជាយថាហេតុ។
• ត្រូវចូលរួមរាយការណ៍ ឬប្រសិនបើមានសំណូរ សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖