ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត សុគន្ធ នីសា ប្រកាសថាខ្លួនឯងវិជ្ជមានកូវីដ-១៩ហើយ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុត តារាចម្រៀង សុគន្ធ នីសា បានប្រកាសថាខ្លួននាងមានវិជ្ជមានកូវីដ១៩ហើយនៅវេលាថ្ងៃត្រង់នេះបន្ទាប់ពីរងចាំលទ្ធផលតេស្តរួចមក។ ការប្រកាសនេះគឺបន្ទាប់ពីតារាចម្រៀងប្រុសស្រី ពិធីការិនីនិងបុគ្គលិកប្រុសស្រីនៅក្នុងទូរទស្សន៍ និងផលិតកម្មហង្សមាសមួយចំនួនបានប្រកាសកានលពីម្សិលមិញ និងព្រឹកមិញនេះ។
នាងបានបញ្ជាក់នៅលើគណនីយហ្វេសប៊ុកផ្លូវការរបស់នាងដែរថា” នាងខ្ញុំ សុគន្ធនីសា (sokunnisa ) បានធ្វេីតេស កូវីដ១៩ ឥឡូវនេះ ជម្រាបជូនដល់បងប្អូនជាសាធារណៈថា ខ្ញុំបាន positive ហេីយ គឺមានមេរោគនេះហេីយ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដេីម្បីសុវត្តិភាព ខ្លួនឯង នឹងក្រុមគ្រួសារ សូមជូនពរអោយបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ ។ សូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លើយតប អធ្យាស្រ័យ ផងណាបងប្អូន។ ក្នុងចំណោមអ្នកផ្ទះខ្ញុំ ៧ នាក់ដែលបានធ្វេីតេស្តដោយក្រុមលោកគ្រូអ្នកគ្រូពេទ្យជំនាញ គឺមាន កេីតតែខ្ញុំម្នាក់តែប៉ុណ្ណោះ អ្នកផ្ទះខ្ញុំអត់មានទេ តែក៏ត្រូវផ្តាច់ខ្លួន ១៤ ថ្ងៃដែរ ហើយខាងផ្ទះម្តាយខ្ញុំ គឺអត់ពាក់ព័ន្ធឡើយ ។
សារជូនពរជាច្រើនត្រូវបានផ្ញើជូន ខណៈដែលសិល្បករប្រុសស្រីល្បីឈ្មោះនៅក្នុងផលិតកម្ម និងទូរទស្សន៍ហស្សមាសបានធ្វើតេស្តរកមេរោគផ្លូវដង្ហើមមួយនេះកាលពីរសៀលម្សិលមិញ ហើយអ្នកខ្លះក៏ទទួលបានលទ្ធផលរួចរាល់ហើយប៉ុន្តែមិនទាន់បានធ្វើការប្រកាសនៅឡើយ។ តាមដែលដំណឹងក្រៅផ្លូវការបានបញ្ជាក់ថា នៅមានតារាចម្រៀង មួយចំនួនទៀតក៏ត្រូវបានរកឃើញវិជ្ជមានជំងឺដ៏កាចសាហាវមួយនេះផងដែរ ខណៈដែលតារាខ្លះនៅមិនទាន់បានប្រកាសដោយបើកចំហរតែប៉ុណ្ណោះ។ អ្វីដែលជាការព្រួយបារម្ភគឺនៅមានសិល្បករ សិល្បការិនី ក្រៅផលិតកម្មជាច្រើនទៀតដែលបានភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ និងប្រយោលជាមួយនឹងសិល្បករទូរទស្សន៍ហង្សមាស ដែលមានរួមទាំងការថតបទចម្រៀងរួមគ្នាជាមួយសិល្បករក្នុងផលិតកម្មនេះជាដើម។ នេះបង្កើតឲ្យមានការព្រួយបារម្ភខ្លាំងសម្រាប់សិល្បករ និងទស្សនិកជន និងស្នើឲ្យសិល្បករដែលមានវិជ្ជមានកូវីដ១៩ បង្ហាញភាពស្មោះត្រង់បញ្ជាក់ឲ្យអ្នកគាំទ្រ និងមហាជនបានដឹង ដើម្បីឲ្យអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលរួសរាល់ក្នុងការធ្វើតេស្តរកមេរោគកូវីដ១៩ និងបង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់ចំពោះការរីករាលដាលកាន់តែខ្លាំងឡើងនោះ។
គួរបញ្ជាក់ដែរថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន៦៤នាក់ថែមទៀត ខណៈអ្នកជំងឺ១១នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ក្រសួងបានឲ្យដឹងថា ក្នុងចំណោមអ្នកជំងឺទាំង៦៤នាក់ មានជនជាតិខ្មែរ ៣៩នាក់, ជនជាតិចិនចំនួន២៣នាក់ និងជនជាតិវៀតណាម២នាក់ ដែលអ្នកជំងឺទាំងនោះត្រូវបានរកឃើញនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះសីហនុ, ខេត្តសៀមរាប និងខេត្តព្រៃវែង។

ចំណែកអ្នកជាសះស្បើយទាំង១១នាក់វិញ គឺជាជនជាតិចិន វៀតណាម និងខ្មែរ ដែលឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។គិតត្រឹម ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១២៤នាក់ ក្នុងនោះជាសះស្បើយចំនួន ៥៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៧៤នាក់៕

ដោយ៖វឌ្ឍនា


ចែករំលែក៖