ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ចិន និងសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ទាំងអស់៖ថ្កោលទោសយោធាមីយ៉ាន់ម៉ា ក្នុង​ការ​បង្រ្កាប​លើក្រុមបាតុករ​ និងជំរុញការដោះស្រាយបញ្ហាតាមរយៈការទូត

ចែករំលែក៖

អន្តរជាតិ​៖ ខណៈដែល​យោធាមីយ៉ាន់ម៉ា​ នៅតែបន្តបង្កើនការបង្រ្កាបលើក្រុមបាតុករប្រឆាំងរដ្ឋប្រហាររបបសឹក​ លោក ចាង ជុន (Zhang Jun) អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធទី១០ ខែមីនា ឆ្នាំ២០២១​(ពេលវេលានៅញូយ៉ក) បានអំពាវនាវឱ្យមានការបន្ធូរបន្ថយជម្លោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក ចាង ជុន បានធ្វេីការអំពាវនាវខាងលើនេះ​ បន្ទាប់ពី សមាជិកក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ទាំង ១៥ប្រទេស ក្នុងនោះរួមមានទាំងចិនផងដែរ បានឯកភាពគ្នាថ្កោលទោសសកម្មភាពបង្រ្កាបរបស់ យោធាមីយ៉ាន់ម៉ាជាលើកដំបូង ចាប់តាំងរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់ លោកស្រី អោង សាន ស៊ូ ជី ត្រូវបានទម្លាក់អំណាចកាលពីខែកុម្ភៈមក។​ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។

ជាក់ស្ដែង​នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់លោកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ន គឺជាពេលត្រូវបន្ធូរបន្ថយជម្លោះ, ជាពេលសម្រាប់ការទូត, ជាពេលសម្រាប់កិច្ចសន្ទនា។ ចិនបានចូលរួមក្នុងការចេញសេចក្តីថ្លែងការណ៍ ប្រកបដោយលក្ខណៈស្ថាបនា។ វាពិសេសជាសំខាន់ណាស់សម្រាប់សមាជិក ក្រុមប្រឹក្សា (UNSC) ក្នុងការបញ្ចេញសំឡេងតែមួយ។ យើងសង្ឃឹមថា សាររបស់ក្រុមប្រឹក្សានេះនឹងមានអំណោយផល ដល់ការបន្ធូរបន្ថយស្ថានការណ៍តានតឹង នៅក្នុងប្រទេសមីយ៉ាន់ម៉ា»។

លេីសពីនេះ​ទៅទៀត​ លោក ចាង ជុន បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិគួរតែបង្កើត បរិយាកាសងាយស្រួលមួយ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីអាចឱ្យពួកគេដោះស្រាយការខ្វែងគំនិតគ្នា នៅក្រោមរដ្ឋធម្មនុញ្ញ និងក្របខណ្ឌច្បាប់៕ដោយ​៖ស​ តារា​

 

លោក ចាង ជុន (Zhang Jun) អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ (UN)

រូបថត​៖VCG

 

រូបភាព​៖យោធាមីយ៉ាន់ម៉ា​ ធ្វើការ​បង្រ្កាប​លេីក្រុមបាតុករនាពេលកន្លងមក

 


ចែករំលែក៖