ភ្នំពេញ ៖ រថយន្តម៉ាក HYUNDAI បានបើកបុករ៉ឺម៉កម៉ូតូដែលបើកច្រាសទិសគ្នាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចមុខមន្ទីរព្យាបាលមង្គលព្រែកព្នៅ ផ្លូវលេខ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ ង្វៀង យ៉ាំងប៊ិន ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (របួសធ្ងន់)។ ចំណែកជនបង្កត្រូវបានប៉ូលិសឃាត់ខ្លួនមានឈ្មោះ ណុំ សាវឿន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងសង្កែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពពីកន្លែងកើតហុតបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2943 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុបានរេចង្កូតទៅឆ្វេងដៃបុកជាមួយរុឺម៉កម៉ូតូ១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE-8844 ដែលកំពុងបើកលើផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើត ( ទិសដៅច្រាសគ្នា ) បណ្តាលឲ្យបុរសអ្នកបើករុឺម៉ករងរបួសបែកក្បាលដេរជាច្រើនថ្នេរ ( របួសធ្ងន់ )។
ករណីនេះបណ្តាលឱ្យមនុស្សរបួសធ្ងន់១នាក់ ខូចខាតរថយន្តនិងរុឺម៉កម៉ូតូចំនួន១គ្រឿង។
រថយន្តបង្កនិងរុឺម៉កម៉ូតូត្រូវបានប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕
ដោយ ៖ ព្រែកសំរោង