ព័ត៌មានទាន់ហេតុការណ៍៖

ករណីឃាតកម្មកាប់សម្លាប់ក្មេងប្រុសម្នាក់ស្លាប់សមត្ថកិច្ចបង្ក្រាបបានជនដៃដល់ភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ករណីឃាតកម្មកាប់សម្លាប់ក្មេងប្រុសម្នាក់ស្លាប់សមត្ថកិច្ចបង្ក្រាបបានជនដៃដល់ភ្លាមៗដោយប្រើគ្រាប់បែកផ្សែងខណៈរូបគេបានកាប់សម្លាប់ ក្មេងប្រុសអាយុ១ខួប២ខែម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម។

ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង១និង០០នាទីរសៀថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រោមដើមស្នួល មុខផ្ទះជនសង្ស័យតែម្តង ក្នុងភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ អៀង រ៉ាដូប្រុសអាយុជាង៤០ឆ្នាំ មានសតិមិនគ្រប់(មានជំងឺសរសៃប្រសាទ) ធ្លាប់ធ្វើការជាអ្នកបើកបររថយន្តដឹកសពនៅមន្ទីរពេទ្យខ្មែរសូវៀត មានប្រពន្ធឈ្មោះ (គីម) ស្នាក់នៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ចំណែកក្មេងប្រុសរងគ្រោះមាន ឈ្មោះ ភួង ដាណាន់ (ហៅតូនី) អាយុ១ខួប ២ខែ ដែលមានម្តាយឈ្មោះ  ផុន ស្រីនាង អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រនិងឪពុកឈ្មោះ ភួង សំណាង អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ជនសង្ស័យកន្លងមកធ្លាប់បើកឡានដឹកអ្នកជំងឺនិងសពនៅមន្ទីរពេទ្យខ្មែរ សូវៀត ក្រោយមកក៏បានឈប់មករស់នៅផ្ទះកើតហេតុខាងលើដោយមិនបានទៅធ្វើការងារអ្វីនោះទេ។ ប្រភពបន្តទៀតថា ជនសង្ស័យតែងតែលេបថ្នាំសម្រាប់ព្យាបាលជំងឺសរសៃប្រសាទជាប្រចាំផងដែរ។ 

កន្លងមកជនសង្ស័យតែងតែប្រើអ្នកជិតខាងនិងក្មេងៗដែលរស់ជិតផ្ទះអោយជួយទិញនំ ចំណី ទឹកភេសជ្ជៈ អោយខ្លួនហូប ប៉ុន្តែប៉ុន្មានថ្ងៃមុនអ្នកជិតខាងបានស្តីបន្ទោសរឿងពូកែប្រើគេពេកទើបធ្វើអោយរូបគេមានចិត្តខឹង។ 

ប្រភពពីម្តាយក្មេងប្រុសរងគ្រោះបានអោយដឹងថា នៅថ្ងៃកើតហេតុរូបគាត់មិនបាននៅផ្ទះនោះទេដោយមានការចេញទៅក្រៅដោយផ្ញើកូនអោយឈ្មោះ តុញ ភេទស្រី អាយុ៧ឆ្នាំ ជាក្មួយរបស់ស្រ្ដីជាម្ដាយជនរងគ្រោះពដើរលេងនៅម្តុំមុខផ្ទះជនល្មើស ស្របពេលនោះជនល្មើសបានកាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះ រួចរត់សំដៅមកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង ដោយកាប់ត្រូវ កខាងស្តាំ និងលើថ្ងាស ។

 ក្រោយពីធ្វើសកម្មភាពរួចហើយជនល្មើសបានរត់ចូលក្នុងផ្ទះបិទទ្វារនិងធ្វើសកម្មភាពដុតផ្ទះខ្លួនឯង ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះឡោមព័ទ្ធនិងមានកិច្ចអន្ដរាគមន៍បន្ទាន់ពីក្រុមរថយន្ដសង្រ្គោះអគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង និងរថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺមកជួយបាញ់ទឹកពន្លត់ទាន់ពេល រីឯជនល្មើសបានសម្ងំលាក់ខ្លួនមិនព្រមចេញឡើយ។ ដោយស្ថានភាពមិនល្អមន្ត្រីជំនាញបានស្នេីសុំយោបល់សម្រេចពីថ្នាក់លើប្រើប្រាស់មធ្យោបាយអាវុធដែលបំពាក់ក្បាលគ្រាប់បែកផ្សែងពុល ដើម្បីចូលចាប់ជនល្មើស។ 

តាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងដែលបានចូលរួមក្នុងប្រតិបត្តិការខាងលើបានឱ្យដឹងថា ការប្រើប្រាស់គ្រប់មធ្យោបាយរហូតឈានដល់ការបំបែកករណីឃាតកម្មនិងចាប់ជនល្មើសបាន រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដេីម្បីចាត់ការ តាមច្បាប់ ៕ដោយ៖និនសុភ័ស្ត

ដោយ៖ សូរិយា


ចែករំលែក៖