ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផ្តល់គ្រឿងបរិភោគ និងថវិកា ៥លានរៀល ជូនដល់ក្រុមគ្រួសារសពលោក ឡៅ វណ្ណា ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ ដែលជាករណីស្លាប់លេីកទី១ នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់មន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក ឡៅ វណ្ណា អាយុ៥០ឆ្នាំ ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១កន្លងទៅ ដែលនេះជាករណីស្លាប់លេីកទី១ នៅកម្ពុជា។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោក វេជ្ជបណ្ឌិតអ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។ ជាមួយគ្នានេះ លោកវេជបណ្ឌិត បានលេីកទឹកចិត្តដល់ភរិយានៃសពត្រូវមានស្មារតីរឹងប៉ឹង ខិតខំតស៊ូដេីម្បីជីវភាពគ្រួសារ និងអនាគតរបស់កូនៗ។ ទន្ទឹមនឹងនេះ សូមក្មួយៗជាកូនត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែដេីម្បីអនាគតភ្លឺស្វាង និងត្រូវធ្វេីខ្លួនជាកូនល្អ មិត្តល្អ ពលរដ្ឋល្អនៅក្នុងសង្គម។ បន្ថែមពីនេះ សូមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការបន្តធ្វេីចត្តាឡីស័ក និងយកសំណាកឱ្យបានត្រឹមត្រូវតាមការកំណត់របស់គ្រូពេទ្យ ជាពិសេសអនុវត្ត ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា ដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង , ទឹកក្រូច៥កេស និងថវិកាចំនួន ៥លានរៀល៕ដោយ ស សម


ចែករំលែក៖