ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងហាងផឹកស៉ីយីហោ “ក្រាហ្វបៀរហ្គាឌិន និងភោជនីយដ្ឋាន “បេីកល្មើសនឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល​ ត្រូវគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះអប់រំណែនាំ

ចែករំលែក៖

ភ្នំពេញ៖​ ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃ​សុក្រ​ ០៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩​ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២២​ និង​០០នាទី លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យ និងបានណែនាំដល់ ម្ចាស់ទីតាំងភោជនីយដ្ឋានមួយកន្លែងយីហោ “ក្រាហ្វបៀរហ្គាឌិន និងភោជនីយដ្ឋាន” មានទីតាំង ស្ថិតនៅផ្លូវលេខ២២៨ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ខណៈ​ដែលម្ចាស់ហាងពុំបានអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដោយមានភ្ញៀវចូលពិសារគ្រឿងស្រវឹង មិនរក្សាគម្លាតសុវត្ថិភាព មានលក្ខណៈប្រមូលផ្តុំក្នុងហាង។

ក្នុង​ប្រតិបត្តិការ​នេះជាលទ្ធផល​ នៃការចុះត្រួតពិនិត្យជាក់ស្តែង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានឲ្យតំណាងម្ចាស់ហាងធ្វើកិច្ចសន្យារួមមានដូចខាងក្រោម៖

១;​ ម្ចាស់ទីតាំងត្រូវអនុវត្តវិធានការ ៣កុំ និង ៣ការពារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

២;​ ត្រូវអនុវត្តន៍ ជាមួយក្រសួងសុខាភិបាល ដោយ រក្សាគម្លាតសុវត្ថិភាព ជាចាំបាច់ ។

៣;​ ម្ចាស់ទីតាំង ត្រូវចូលរួមសហការជាមួយអជ្ញាធរខណ្ឌ ក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ-១៩។

ដោយឡែក​ក្នុងករណីម្ចាស់ទីតាំង មិនអនុវត្តតាមការណែនាំរបស់ក្រុមការងារខាងលើ រដ្ឋបាលខណ្ឌដូនពេញ និងអនុវត្តវិធានការយ៉ាងម៉ឹងម៉ាត់ និង ឈានដល់ការ បិទទីតាំង និង ដកហូតអាជ្ញាប័ណ្ណផងដែរ៕ដោយ​៖ស​ តារា​


ចែករំលែក៖