ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជា ខេត្តស្វាយរៀងចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀងះ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខាដឹកនាំក្រុមការងារសាខា យុវជននិងអ្នកស្ម័គ្រចិត្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ក្នុងក្រុងស្វាយរៀង ត្រង់ចំណុច រង្វង់មូលផ្លូវហាយវ៉េមុខមន្ទីរអប់រំខេត្ត នៅមុខវិទ្យាល័យស្វាយរៀង និងនៅភ្លើងស្តុបសួនតាឌី មានអ្នកចូលរួមសរុបចំនួន៥៥០នាក់ ស្រី៣៧០នាក់ នាព្រឹកថ្ងៃសៅរ៍ ៧ កើត ខែចេត្រ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១។
ក្នុងឱកាសនោះលោកស្រី ពៅ សុភាព បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក ។
លោកស្រីក៏បានលើកឡើងថា ចាប់តាំងពីព្រឹត្តិការណ៍ ២០ កុម្ភៈបានផ្ទុះឡើង យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីករាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍។ ហេតុនេះក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានយកចិត្តទុកដាក់ជាចម្បងក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នេះ ដោយក្រុមប្រតិបត្តិសាខាបានចុះអប់រំ ផ្សព្វផ្សាយជាហូរហែទាំងនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សា ព្រោះដូចយើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំងឺដ៏កាចសាហាវនេះ ។
លោកស្រី ក៏បានថ្លែងអំណរគុណ និងបានសរសើរចំពោះក្រុមការងារទាំងអស់ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន មិនថាយប់ មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសកម្ម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលកាន់តែធំឡើង និងដើម្បីឈានទៅគ្រប់គ្រងឱ្យបាននាពេលខាងមុខ លោកស្រីសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ និងចូលរួមពិនិត្យកម្តៅ លាងដៃឱ្យបាន គ្រប់គ្នា ។
សូមបញ្ជាក់ថា ក្នុងថ្ងៃនេះដែរក្រុមការងារសាខាបានចែកម៉ាស់ ខិត្តប័ណ្ណផ្សព្វផ្សាយពីវិធានការការពារខ្លួនពីកូវីដ-១៩ និយមន័យករណីសង្ស័យជំងឺកូវីដ-១៩ ចំនួន ៧៥០ប័ណ្ណ របៀបលាងសម្អាតដៃជាមួយសាប៊ូនឹងទឹកចំនួន៧៥០ប័ណ្ណ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ចំនួន៧៥០ប័ណ្ណ (សរុបអស់ម៉ាស់ចំនួន ១.៨៥០សន្លឹក ខិត្តប័ណ្ណផ្សព្វផ្សាយកូវីដ-១៩ សរុបចំនួ ២.៤៥០ ប័ណ្ណ) ព្រមទាំងបានផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល និងអនុក្រិឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ដោយប្រដាប់បំពងសំឡេងតាមរថយន្ត នៅតាមទីប្រជុំជននានាក្នុងខេត្ត ៕

ដោយ៖យឹម សុថាន


ចែករំលែក៖