ភ្នំពេញ ៖ ក្មេងប្រុសស្រី៣នាក់បានលង់ទឹកស្លាប់ក្នុងដងស្ទឹងព្រែកត្នោត ខណ:ដែលឪពុកម្តាយនិងជីដូនជាប់រវល់ទៅបុណ្យសព៧ថ្ងៃសាច់ញាតិ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅដងស្ទឹងព្រែកត្នោត ក្នុងភូមិអង្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ កុមាររងគ្រោះទាំង៣នាក់រួមនឹងក្មេងប្រុសម្នាក់ទៀតបានបបួលគ្នាទៅរកត្រីនៅចំណុចក្នុងស្ទឹងព្រែកត្នោត ហើយខណ:ក្មេងប្រុសម្នាក់បានលង់លិចចូលក្នុងទឹកបាត់នោះក៏មានក្មេងប្រុសស្រីទាំង២នាក់ទៀតបានលង់តាមក្រោយ ។ ចំណែកក្មេងប្រុសម្នាក់ដែលនៅរស់បានរត់មកប្រាប់អ្នកភូមិឲ្យទៅជួយតែជាអកុសលក្មេងប្រុសស្រីទាំង៣នាក់បានស្លាប់បាត់ទៅហើយ។
សពកុមាររងគ្រោះទាំង៣នាក់រួមមាន ៖ ទី១-ឈ្មោះ សៀ ស្រីនួន ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ប៉ាក់ សាវុធ ភេទប្រុស អាយុ៨ឆ្នាំ មុខរបរសិស្ស ស្នាក់ជាមួយគ្នា និងទី៣-ឈ្មោះ លៀង ចិត្តា ភេទប្រុស អាយុ៨ឆ្នាំ មុខរបរសិស្សស្នាក់នៅជាមួយគ្នា។
បេីតាមការរៀបរាប់ពីក្រុមគ្រួសារសាច់ញាតិកុមាររងគ្រោះទាំង៣នាក់បានប្រាប់ទាំងក្ដុកក្ដួលថា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ពួកគាត់បានទៅចូលរួមបុណ្យសព៧ថ្ងៃក្មួយនៅសង្កាត់ព្រៃសរ ស្រាប់តែនៅវេលាម៉ោង១រសៀលមានអ្នកជិតខាងបានតេប្រាប់ថាចៅៗនិងកូន៣នាក់បានលង់ទឹកស្ទឹងស្លាប់បាត់ទៅហើយ។ ពេលទទួលបានដំណឹងនេះភ្លាមពួកគាត់ស្លុតចិត្តជាខ្លាំងហើយក៏ប្រញាប់រួសរាន់មកផ្ទះស្រាប់តែឃើញកូនៗចៅៗដេកស្លាប់បាត់អស់ទៅហើយ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងរាយការណ៍បន្តទៅកាន់មន្ត្រីជំនាញការិយាល័យកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសពនៅកន្លែងកើតហេតុ។ បន្ទាប់ពីសមត្ថកិច្ចជំនាញបានពិនិត្យសពកុមាររងគ្រោះទាំង៣នាក់រួច សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសស្រីទាំងនាក់ខាងលើនេះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ