ព័ត៌មានទាន់ហេតុការណ៍៖

លោកចូ បៃឌិន និងសហភាពអឺរ៉ុប​៖ សម្រេច​ថ្កោលទោសរបបសឹកយោធា ដែល​បាញ់សម្លាប់ក្រុមបាតុករមីយ៉ាន់ម៉ាយ៉ាងសាហាវឃោរឃៅ

ចែករំលែក៖

អន្តរជាតិ​៖​ លោកចូ បៃឌិន ប្រធានាធិបតីអាមេរិក​ និងលោក Josep Borrell ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប​ បន្ទាប់ពី​មេីលឃេីញសកម្មភាពក្រុមរបបសឹកយោធា នៅថ្ងៃទី២៧ ខែមីនាថ្មីៗនេះ​ បានបាញ់សម្លាប់ក្រុមបាតុករមីយ៉ាន់ម៉ា​យ៉ាងសាហាវឃោរឃៅ​ យ៉ាងហោចណាស់ ១០៧នាក់ ដោយក្នុងនោះរួមមានទាំងកុមារផងដែរ។ ទេីបធ្វេីឲ្យរដ្ឋបាលអាមេរិក​ និង​ សហភាពអឺរ៉ុប នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០២១​ បានសម្រេច​ថ្កោលទោសរបបសឹកយោធាមួយនេះ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក The Irrawady បាននិយាយថា​ ចាប់តាំងពីរដ្ឋប្រហារយោធាមក ក្រុមយោធាមីយ៉ាន់ម៉ា បានបង្រ្កាបក្រុមបាតុករតវ៉ានឹងរបបសឹកយ៉ាងខ្លាំង។ ជាចំនួនដ៏ច្រើនបំផុតចាប់តាំងពីដើមខែកុម្ភៈមក ប៉ូលីសមីយ៉ាន់ម៉ា បានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់ ១០៧នាក់។ រហូត​មកទល់ពេលនេះ អ្នកស្លាប់បានកើនដល់ ៤២៩នាក់ និងមនុស្សជាច្រើនពាន់នាក់ត្រូវបានចាប់ខ្លួន។

បេីតាមប្រធានាធិបតីអាមេរិកលោក​ ចូ​ បៃឌិន​ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងរដ្ឋ Delaware លោក ចូ បៃឌិន បានលើកឡើងថា វាពិតជាអាក្រក់ណាស់។ លោកបៃឌិន​ គូសបញ្ជាក់​យ៉ាងដូច្នេះ​ថា៖«វាពិតជាសាហារយង់ឃ្នងណាស់ ដោយផ្អែកលើរបាយការណ៍ដែលខ្ញុំបានទទួល»។ លោក​ បន្ថែមថា មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់ដោយឥតប្រយោជន៍។​ ​ទាំងនេះជាការឆ្លេីយតបទៅនឹងករណីស្លាប់ដ៏ច្រើនបំផុត ទេីបអាមេរិកបានចេញមកថ្កោលទោសជាថ្មីម្តងទៀត។

ដោយឡែក​ជាមួយគ្នានេះ​ សហភាពអឺរ៉ុប ក៏បានរិះគន់ករណីស្លាប់ចំថ្ងៃទិវាកងទ័ពនេះដែរ។ ដោយ​លោក Josep Borrell ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖​ លោក បានចាត់ទុកទង្វើរបស់យោធាមីយ៉ាន់ម៉ា គឺជារឿងមិនអាចទទួលយក ព្រោះរបបសឹក បានបាញ់សម្លាប់ប្រជាជនខ្លួនជាច្រើននាក់។ លោកប្រធានគោលនយោបាយការបរទេស នៅខាងក្រៅនៃការប្រារព្ធទិវាកងទ័ព ក្រុមយោធាបានធ្វើរឿងគួរឱ្យតក់ស្លុត និងគួរឱ្យអាម៉ាស់យ៉ាងខ្លាំង។

គួររម្លឹកដែរថា​ លោកឧត្តមសេនីយ មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធា ក្នុងទិវាកងទ័ពនេះ​ ក៏ធ្លាប់​បានបញ្ជាក់ថា កងទ័ងមីយ៉ាន់ម៉ា នឹងការពារប្រទេស និងការពារប្រជាជន។ ប៉ុន្មានម៉ោងក្រោមសុន្ទរកថានោះ ក្រុមប៉ូលីស បានបាញ់បង្រ្កាបក្រុមបាតុកម្ម ដែលបានធ្វើនៅស្ទើតែទូទាំងប្រទេស។

គួបញ្ជាក់ថា​ អាមេរិក និងអឺរ៉ុប​ កន្លងមកធ្លាប់ដាក់ទណ្ឌកម្មលើក្រុមយោធា និងក្រុមហ៊ុនពាក់ព័ន្ធរួចហើយ ប៉ុន្តែរបបសឹកមីយ៉ាន់ម៉ា ហាក់មិនរអានឹងទណ្ឌកម្មឡើយ ហើយក៏មិនបន្ធូរបន្ថយសកម្មភាពរបស់ខ្លួនដែរ។ ក្រៅពីអាមេរិក និងអឺរ៉ុប នៅមានអង់គ្លេស និងកាណាដាថែមទៀត ដែលដាក់ទណ្ឌកម្មនេះដែរ។

សូមជម្រាបថា​ ដោយសារតែមានរដ្ឋប្រហារយោធា និងការបង្រ្កាបលើក្រុមបាតុករ ប្រជាជនមីយ៉ាន់ម៉ាជាច្រើនពាន់នាក់ បានភៀសខ្លួនទៅព្រំដែន​ មានដូចជា៖ ឥណ្ឌា និងថៃជាដើម ដើម្បីស្វែងរកសុវត្ថិភាពផ្ទាល់ខ្លួន។ ចំណែក​អ្នកភៀសខ្លួនទាំងនោះរួមមាន៖​ ក្រុមយុវជន ប៉ូលិស មេធាវី និងអ្នកសារព័ត៌មានជាដើម៕ដោយ​៖ស​ តារា​

 

លោក​ ចូ​ បៃឌិន​ ប្រធានាធិបតី​អាមេរិក​

 

ក្រុម​បាតុករ​ប្រឆាំងរដ្ឋាភិបាល​យោធាមីយ៉ាន់ម៉ា​

 

លោកឧត្តមសេនីយ មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធា


ចែករំលែក៖