ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចនឹង បញ្ជូនមន្ដ្រីនគរបាលដែលយាមនៅធនាគារ ABA ក្រោមស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបាញ់ជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមនោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។
ទន្ទឹមនឹងការបញ្ជូនខ្លួននេះ ក៏មានមជ្ឈដ្ឋានពីប្រជាពលរដ្ឋ និងអ្នករាជការជាលើកឡើងថា, ការបាញ់របស់មន្រ្តីនគរបាលការពារធនាគារ(ABA) ទៅលើជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួនជាសិទ្ធិការពារខ្លួន ខណ:ជននោះយកកាំបិទដេញចាក់ ហើយបាញ់គម្រាមអោយបង្អាក់សកម្មភាពដល់ទៅ២គ្រាប់ ក៏នៅតែមិនបញ្ឈប់សកម្មភាព។
សូមបញ្ជាក់ថា, មន្ដ្រីនគរបាលដែលបាញ់ជនបែកថ្នាំម្នាក់ ដើម្បីការពារខ្លួនពីការចាក់ប្រហារនោះ ត្រូវបានគេស្គាល់ឈ្មោះ ភឿន ភិរៈ អាយុ៣៦ឆ្នាំ បម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្ដែដោយសារពេលយប់ទំនេរទើប ទៅបម្រើការងារជាសន្ដិសុខយាមធនាគារ ABA ដែលជាកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។
មន្ដ្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញសារព័ត៌មាន ឲ្យដឹងនៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះថា នគរបាលនោះនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់។ ប៉ុន្ដែក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ ក៏ទទួលស្គាល់ថា ការផ្ទុះអាវុធរបស់នគរបាលកាលពីយប់នោះ ទៅលើជនបែកថ្នាំនោះ គឺជាសិទ្ធិការពារខ្លួនដែលធានាដោយច្បាប់។
យ៉ាងណាមិញការសម្រេចយ៉ាងណានោះ គឺអាស្រ័យទៅលើស្ថាប័នតុលាការ ព្រោះមន្ដ្រីនគរបាលយុត្តិមធ៌ គ្រាន់តែបំពេញទៅតាមនីតិវិធីប៉ុណ្ណោះ ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នគរបាលរូបនេះស្នាក់នៅផ្ទះលេខ៥៧E1 ផ្លូវ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ បានបាញ់ចំឈ្មោះ អ៊ូ សុផារ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលលេខ១០៤ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀនមេតំហ្វេតាមីន) បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ សម្ភារបន្សល់ទុក កូនកាំបិតចុងស្រួច០១ដើមរបស់ជនរងគ្រោះ, អាវុធខ្លីម៉ាករ៉ូឡូ០១ដើម លេខ៣៣៨៨ ពណ៌ខ្មៅ ដងឈើ, សំបកគ្រាប់០៤គ្រាប់របស់ជនសង្ស័យ។
ទោះបីជាយ៉ាងណា មហាជននៅលើបណ្ដាញសង្គម Facebook បានបង្ហាញនូវការគាំទ្រចំពោះសកម្មភាពរបស់មន្ដ្រីនគរបាលយាមនៅធនាគារ ABA ដែលបាញ់បុគ្គលនោះស្លាប់ ព្រោះបុគ្គលរូបនោះបានប្រើប្រាស់អំពើហិង្សាលើនគរបាល ហើយចុងក្រោយរត់ទៅយកកាំបិត ដេញចាក់បន្ថែមទៀត ទើបធ្វើឲ្យមន្ដ្រីនគរបាលនោះសម្រេចចិត្តផ្ទុះអាវុធតែម្ដង។ សកម្មភាពត្រូវបានបង្ហោះយ៉ាងច្បាស់តាមកាមេរ៉ាសុវត្ថិភាព ហើយម្នាក់ៗ ចាត់ទុក្ខថា គាត់បាញ់ទៅលើជនបែកថ្នាំ ជា(សិទ្ធិការពារខ្លួន)។
ទាំងនាយនគរបាលជាន់ខ្ពស់ជាច្រើនរូប ក៏ដូចជាមហាជនដែលប្រើប្រាស់បណ្ដាញសង្គម Facebook អំពាវនាវដល់ស្ថាប័នតុលាការ ពិសេសតំណាងអយ្យការ គួរពិនិត្យទិដ្ឋភាពច្បាប់ និងស្ថានភាពជាក់ស្ដែងនៅកន្លែងកើតហេតុ ដើម្បីធ្វើយ៉ាងណាទម្លាក់ចោលបទចោទ ទៅលើមន្ដ្រីនគរបាលរូបនោះ អាចគេចផុសពីការទទួលខុសត្រូវព្រហ្មទណ្ឌ។ ពួកគាត់ចាត់ទុកថា ការផ្ទុះអាវុធនេះដើម្បីការពារខ្លួនសុទ្ធសាធ ហើយបើមិនបាញ់នោះទេ ម្ល៉េះប្រហែលពេលនោះនគរបាលខាងលើ ត្រូវបុគ្គលបែកថ្នាំចាក់ធ្លាយពោះបាត់ទៅហើយ។
វីដេអូកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានគេចែកចាយបង្ហាញថា ដើមឡើយមានក្មេងទំនើង២នាក់ ដេញវាយតប់គ្នានៅតាមផ្លូវ ហើយក្មេងទំនើងម្នាក់ដែលត្រូវគេដេញវាយ បានរត់ទៅឲ្យសន្ដិសុខយាមធនាគារ ABA (ម្នាក់ជានគរបាលខាងលើ) នៅក្បែរនោះដើម្បីជួយអន្ដរាគមន៍។ ពេលនោះជនបង្កបានខឹងសម្បាយ៉ាងខ្លាំងទៅលើ មន្ដ្រីនគរបាលដែលយាម និងសន្ដិសុខនោះ ហើយក៏ប្រើប្រាស់ហិង្សាទៅលើនគរបាលតែម្ដង។
តាមសកម្មភាពដែលបានបង្ហាញនោះ មន្ដ្រីនគរបាលខាងលើមិនបានវាយតបតទៅជនបង្កនោះទេ ពោលមានតែដើរគេចតែប៉ុណ្ណោះ។ ដោយចិត្តកាន់តែខឹងសម្បាខ្លាំង ជនបង្កបានរត់ទៅយកកាំបិតដែលគេលាក់ទុកនៅក្បែរនោះ មកដេញចាក់មន្ដ្រីនគរបាលទាំងកម្រោលតែម្ដង បើទោះបីមន្ដ្រីនគរបាលរូបនោះ ដកកាំភ្លើងដើម្បីគំរាមក៏គេមិនខ្លាចដែរ។
ដោយឃើញស្ថានភាពកាន់តែខ្លាំង មន្ដ្រីនគរបាលនោះ បានដកកាំភ្លើងនៅចង្កេះបាញ់ចំនួន៣គ្រាប់ ដើម្បីគំរាមជនបង្ក និងការពារខ្លួនពីការចាក់ប្រហាររបស់បុគ្គលរូបនោះ។
បើទោះបីមន្ដ្រីនគរបាលនោះបានបាញ់បណ្ដាលឲ្យជនបង្កនោះស្លាប់ក៏ពិតមែន ប៉ុន្ដែមហាជនជឿជាក់ថា ការបាញ់នេះគឺដើម្បីការពារខ្លួនពីការចាក់ប្រហារ របស់ជនបង្កតែប៉ុណ្ណោះ គ្មានចេតនាបាញ់ដើម្បីសម្លាប់នោះទេ ព្រោះតាំងពីកើតហេតុដំបូង មន្ដ្រីនគរបាលនោះមិនវាយតបតទៅជនបង្កឡើយ។
អ្វីដែលគេសន្និដ្ឋានបានថា មន្ដ្រីនគរបាលបាញ់ដើម្បីការពារខ្លួន ព្រោះក្រោយកើតហេតុបណ្ដាលឲ្យជនបង្កស្លាប់ មន្ដ្រីនគរបាលខាងលើ មិនបានរត់គេចពីកន្លែងកើតហេតុនោះ ពោលព្រមប្រគល់ខ្លួនជូនសមត្ថកិច្ចថែមទៀតផង។ ដូច្នេះគេសង្ឃឹមថា តំណាងអយ្យការ នឹងពិចារណាតាមទិដ្ឋភាពច្បាប់ ដើម្បីទម្លាក់ចោលបទចោទទៅលើមន្ដ្រីនគរបាលរូបនោះ។
មន្ត្រីនគរបាលយុត្តិធម៍ម្នាក់បានលើកឡើងថា
,ការការពារស្របច្បាប់..
បុគ្គលណាដែលប្រព្រឹត្តបទល្មើសក្នុងសភាពការពារស្របច្បាប់ មិនអាចខុសត្រូវព្រហ្មទណ្ឌទេ ។
ការការពារស្របច្បាប់ ត្រូវមានលក្ខខ័ណ្ឌដូចខាងក្រោមនេះ :
– បទល្មើសត្រូវចាត់ទុកថាត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃឬការពារទ្រព្យសម្បត្តិប្រឈមមុខនឹងការឈ្លានពានមួយដែលមិនត្រឹមត្រូវ
– បទល្មើស និងការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និង
-គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ និងទម្ងន់នៃការឈ្លានពាន។
មានអ្នកខ្លះបានបង្ហោះfacebook ថា, ទេវតាលើមេឃ ទេវតាដើរដី ពិតជាមិនមើលនឹងភ្នែកទេ! សង្ឃឹមថា ថ្ងៃនេះប្អូនប្រុសនឹងទទួលបានការសណ្ដោសប្រណីពីថ្នាក់ដឹកនាំជួយឲ្យរួចផុតពីការឃុំខ្លួន និងបានវិលត្រលប់មកបំរេីការងារ និងបានមើលថែម្តាយវិញ 🙏🙏តាមរយៈការសន្និដ្ឋាន ថ្លឹងថ្លែង ពីស្ថាប័នតុលាការ៕
ដោយ៖សុខ ខេមរា