អ្នកចាត់ការទូទៅលោក Jose Mourinho បាននិយាយថា ក្លិប Tottenham Hotspur ចង់ធ្វើឱ្យមានឥទ្ធិពលលើការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានប្រកាន់ជាតិសាសន៍តាមអុីនធើណេតបន្ទាប់ពីខ្សែការពារ Davinson Sanchez ត្រូវបានគេកំណត់គោលដៅកាលពីសប្តាហ៍មុន ហើយអាចចូលរួមក្រុមផ្សេងទៀតនៅក្នុងការធ្វើពហិការក្នុងបណ្តាញសង្គម។
ម្ចាស់ជើងឯកស្កុតឡេន Rangers និងក្រុមលំដាប់ទី២អង់គ្លេស Swansea City បានអះអាងដូចគ្នាកាលពីថ្ងៃអង្គារដើមសប្តាហ៍នេះថា ពួកគេនឹងធ្វើពហិការក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរយៈពេលមួយសប្តាហ៍បន្ទាប់ពីកីឡាករជាច្រើនមកពីក្រុមទាំង២ត្រូវបានគេរំលោភបំពានពូជសាសន៍។
កីឡាករ Sanchez ក៏ត្រូវបានគេកំណត់គោលដៅនៅលើ Instagram ផងដែរបន្ទាប់ពីពួកគេបានប្រកួតស្មើ ២-២ នៅឯក្លិប Newcastle United កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
លោក Mourinho បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួតនៅ Premier League នៅពីថ្ងៃអាទិត្យ ទី១១ ខែមេសានេះថា “ក្លិបកំពុងតែគិតពិចារណាវិភាគរាល់ព័ត៌មានលំអិត ហើយក្លិបប្រាកដជាចង់បង្ហាញពីផលប៉ះពាល់ដល់កីឡាករពីការរើសអើងជាតិសាសន៍” ។ នេះបើយោងតាមការចេញផ្សាយរបស់រ៉យទ័រ និងការចេញផ្សាយរបស់ iol.co.za ។
លោក Mourinho បានបន្តថា “ការសម្រេចចិត្តដែលក្លិបនឹងធ្វើគឺជាការសម្រេចចិត្តដែលយើងនឹងទទួលយក និងគាំទ្រ វាគឺជាការពិភាក្សាផ្ទៃក្នុងអំពីស្ថានភាពដ៏ក្រៀមក្រំមួយ។ ទាក់ទងនឹង Davinson Sanchez គ្មានអ្វីបន្ថែមទៀតទេ អំពីភាពសោកសៅនៃស្ថានភាពនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់និយាយថាគាត់បានរកឃើញការរើសអើងជាច្រើន ព្រោះគាត់ជាបុរសគួរឱ្យស្រឡាញ់ ហើយគ្រប់គ្នាបានគាំទ្រគាត់គឺគាត់ល្អ”។
កីឡាករនៅ Premier League ជាច្រើនដូចជា Axel Tuanzebe របស់ Man United, Marcus Rashford និង Anthony Martial រួមជាមួយ Willian និង Eddie Nketiah របស់ Arsenal ត្រូវបានគេកំណត់គោលដៅរើសអើងតាមប្រព័ន្ធអុីនធើណេតក្នុងប៉ុន្មានខែថ្មីៗនេះ។
ស្ថិតក្រោមសម្ពាធពីអង្គការបាល់ទាត់អង់គ្លេស Instagram បានប្រកាសពីវិធានការណ៍ថ្មីៗស្របពេលដែល Twitter បានប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្ទាប់ពីចាត់វិធានការលើករណីរំលោភបំពានជាង៧០០ករណីទាក់ទងនឹងបាល់ទាត់នៅអង់គ្លេសក្នុងឆ្នាំ២០១៩ ។
អតីតខ្សែប្រយុទ្ធក្រុម Arsenal និងបារាំង Thierry Henry បានលុបគណនីបណ្តាញសង្គមរបស់គាត់កាលពីខែមុនដើម្បីធ្វើការតវ៉ាប្រឆាំងនឹងវេទិកានានាដែលមិនចាត់វិធានការប្រឆាំងនឹងម្ចាស់គណនីអនាមិកចំពោះការរើសអើងជាតិសាសន៍ និងការសម្លុតតាមបណ្តាញសង្គម ៕ដោយ៖ ភារៈ