ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៣នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទកាប់រុករាន និងទន្រ្ទានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ តាមបញ្ញត្តិមាត្រា៦២ និងមាត្រា៥៦ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
ជនត្រូវចោទមាន ១.ឈ្មោះ យន់ ឃន់ ភេទប្រុស អាយុ៤៩ឆ្នាំមានទីលំនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា, ២.ឈ្មោះ ឌី សាឃុន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិថ្មគ្រែលើ សង្កាត់ថ្មគ្រែ ក្រុងក្រចេះ ខេត្តក្រចេះ និង៣.ឈ្មោះ ផាត់ ធិ ភេទស្រី អាយុ៣៩ ឆ្នាំមានទីលំនៅភូមិថ្មគ្រែលើ សង្កាត់ថ្មគ្រែ ក្រុងក្រចេះ ខេត្តក្រចេះ។
ជនត្រូវចោទទាំង៣នាក់ ត្រូវបានសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី ចុះប្រតិបត្តិការទប់ស្កាត់សកម្មភាពកាប់គាស់ រុករាន និងទន្រ្ទានដីព្រៃក្នុងបំណងយកដីធ្វើជាកម្មសិទ្ធិ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយបានចាប់ឃាត់ខ្លួនមនុស្ស៣នាក់នៅកន្លែងកើតហេតុ ដើម្បីចាត់ការបន្តតាមនីតិវិធី និងរុះរោងអនាធិបតេយ្យសរុបចំនួន៩។
គួរជម្រាបជូនថា ការចុះទប់ស្កាត់សកម្មភាពរុករាននិងទន្រ្ទានដីព្រៃខុសច្បាប់ និងរុះរើរោងអនាធិបតេយ្យខាងលើនេះ សមត្ថកិច្ចបានអនុវត្តន៍តាមកិច្ចសន្យាដែលមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ធ្លាប់បានចុះមកធ្វើកិច្ចសន្យាដោយឲ្យបញ្ឈប់និងហាមឃាត់សកម្មភាពល្មើសច្បាប់ក្នុងទម្រង់រុករាននិងទន្រ្ទានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិបែបនេះនៅចំណុចនេះម្ដងរួចមកហើយ ទើបឈានដល់ការចុះរុះរើរោងអនាធិបតេយ្យដែលបានកើនឡើងសរុបចំនួន៩ទីតាំង៕
ដោយ៖ សូរិយា