ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាស្នងការខេត្តកណ្តាល ! ឃាត់ខ្លួនមនុស្សចំនួន៣នាក់ នៅចំណុចរោងកាហ្វេ ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលល្មើសនឹងវិធានការរដ្ឋបាល

ចែករំលែក៖

ខេត្តកណ្តាល៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងចុះឃាត់ខ្លួនមនុស្សចំនួន៣នាក់ នៅចំណុចរោងកាហ្វេ ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលល្មើសនឹងវិធានការរដ្ឋបាល។

សមត្ថកិច្ចបានអោយដឹងថា, ជនល្មើសវិធានការរដ្ឋបាលទាំង៣នាក់ រួមមាន៖
១-ឈ្មោះ ទេព វ៉ាន់ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ កម្មករ។
២-ឈ្មោះ ម៉ៅ ប៉ាក់ អាយុ៤៧ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្នភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុប។
៣-ឈ្មោះ លេ ហុងហ្វុង អាយុ ៤៥ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្នភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរកាហ្វេ។

លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់ឲ្យដឹងថា បុរស៣នាក់ខាងលើមិនគោរពតាមការណែនាំរបស់អាជ្ញាធរ និងការផ្សព្វផ្សាយអំពីវិធានការពារ ស្តីពីការបិទខ្ទប់ក្រុងតាខ្មៅ ដោយបុរស៣នាក់នោះនៅប្រមូលផ្តុំអង្គុយផឹកកាហ្វេនៅចំណុចភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ទោះបីជាមានការអប់រំពីអាជ្ញាធរមានសមត្ថកិច្ច ម្តងជាពីរដងមកហើយក្តីមុខសញ្ញាល្មើសទាំង០៣នេះនៅតែមិនស្ដាប់តាមការណែនាំ និងមិនមានការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវថែមទៀតផង ទើបកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកណ្តាល បានចុះឃាត់ខ្លួនជនទាំង០៣នាក់នោះមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី។

យោងតាមមាត្រា១០នៃច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៖
*បទមិនគោរពវិធានការរដ្ឋបាលដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ ត្រូវផ្ដន្ទាទោសជាពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល។
*បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ១៩លានរៀល (បើបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ)។
*បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀលទៅ ២០លានរៀល (បើបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ)៕

ដោយ ៖ សិលា


ចែករំលែក៖