ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ បានចេញប្រតិបត្តិការបិទខ្ទប់នៅតំបន់មួយចំនួនក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ តាមការស្នើសុំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងគ្រាដែលខេត្តត្រូវធ្វើការបិទខ្ទប់តំបន់មួយចំនួន ចាប់ពីម៉ោងសូន្យថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះតទៅ។ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ មានប្រសាសន៍ថា កម្លាំងរបស់យោធភូមិភាគទី៥ រួមមានកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងកម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ ចំណុះយោធភូមិភាគទី៥ ត្រូវបានបញ្ជូនចូលរួមនៅក្នុងប្រតិបត្តិការនេះ។

ការលើកឡើងបែបនេះ ខណៈដែលលោកឧត្តមសេនីយ៍ទោ សេង ធារិន បានអមដំណើរ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមជាមួយអាជ្ញាធរ និងកម្លាំងចម្រុះ បានអញ្ជើញចុះត្រួតពិនិត្យ និងដាក់កម្លាំងប្រតិបត្តិការបិទខ្ទប់នៅតំបន់មួយចំនួនក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

សូមបញ្ជាក់ជូនថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់( Lockdown) តំបន់មួយចំនួនក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត  ដែលជាតំបន់មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលចាប់អនុវត្ត ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១យប់ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តបិទខ្ទប់ និងមិនឱ្យរាលដាលទៅតំបន់ផ្សេងទៀត។

សូមជម្រាបផងដែរថា នៅក្នុងការអនុវត្តវិធានការបិទខ្ទប់ គណៈបញ្ជាការឯកភាពខេត្តត្រូវបានប្រើប្រាស់កម្លំាង រួមមាន ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងភូមិសាស្រ្ត ដែលត្រូវបានបិទខ្ទប់ សម្រាប់ទទួលបន្ទុក និងសម្របសម្រួលលើការងារចាំបាច់រួមមាន ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការងារត្រួតពិនិត្យ និងគ្រប់គ្រងទីកន្លែងលក់ម្ហូបអាហារ ហាងទំនិញ និងការផ្គត់ផ្គង់ទំនិញ ការងារទាក់ទង និងការអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកសំណាក ការធ្វើចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងជាដើម និងការងារផ្តល់សេវាសុខាភិបាលទូទៅ ក្នុងភូមិសាស្រ្តដែលបានបិទខ្ទប់៕

ដោយ៖ សូរិយា


ចែករំលែក៖