ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនអ្នកសារព័ត៌មានយូម៉ា ធីវី អនឡាញ មិនគោរពវិធានការរដ្ឋបាល

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកមុខកំពូលបានធ្វើការឃាត់ខ្លួនអ្នកសារព័ត៌មាន យូម៉ា ធីវី អនឡាញ និងបក្សពួកដែលមិនគោរពវិធានការរដ្ឋបាល។ 

ការឃាត់ខ្លួនធ្វើឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី នៅចំណុចគោលដៅត្រួតពិនិត្យព្រំប្រទល់ ខេត្តកណ្តាលនិងខេត្តកំពង់ចាម ស្ថិតក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ 

ជនសង្ស័យ៣នាក់ ទី១-ឈ្មោះវឿន សុភណ្ណរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរជាងជួសជុលរថយន្ត និងជាអ្នកសារព័ត៌មាន យូម៉ា ធីវី អនឡាញ (ជាអ្នកបើករថយន្ត)។ ទី២-ឈ្មោះ ស្រ៊ាង ម៉េងលី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកូនជាងជួសជុលរថយន្ត(អ្នករួមដំណើរ) និងទី៣-ឈ្មោះ អ៊ុយ ភារម្យ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កូនជាងជួសជុល រថយន្ត (អ្នករួមដំណើរ)។ អ្នកទាំង៣នាក់មានទីលំនៅសព្វថ្ងៃភូមិព្រែកប្រាំង ឃុំព្រែកប្រសប់ ស្រុក ព្រែកប្រសប់ ខេត្តក្រចេះ 

បច្ចុប្បន្នស្នាក់នៅ ភូមិអូរបែកក្អម សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

វត្ថុតាងចាប់យក៖ រថយន្តម៉ាក KIA RIGAL ស៊េរីឆ្នាំ២០០២ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2R-2854 ចំនួន ១គ្រឿង, បណ្ណសម្គាល់ខ្លួនរបស់ឈ្មោះវឿន សុភណ្ណរ៉ា អ្នកយកព័ត៌មានចំនួន១សន្លឹក, លិខិតបេសកកម្មរបស់ឈ្មោះវឿន សុភណ្ណរ៉ា អ្នកយកព័ត៌មានចំនួន១សន្លឹក, វិញាបនបត្រអនុញ្ញាតដំណើរការអាជីវកម្មរបស់ឈ្មោះវឿន សុភណ្ណរ៉ា ចំនួន១សន្លឹក។ 

នគរបាលស្រុកមុខកំពូលបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី ឈ្មោះវឿន សុភណ្ណរ៉ា ម្ចាស់ការាសជួសជុលរថយន្ត និងជាអ្នកសារព័ត៌មាន យូម៉ា ធីវី អនឡាញ បានដឹកកូនជាងជួសជុលរថយន្តនៅយានដ្ឋានជួសជុលរថយន្តរបស់ខ្លួនចំនួន២នាក់ខាងលើ ចេញពីយានដ្ឋានជួសជុលរថយន្ត មានគោលដៅទៅស្រុកកំណើតនៅភូមិព្រែកប្រាំង ឃុំព្រែកប្រសប់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ដោយមធ្យោបាយរថយន្ដខាងលើ ហើយបានធ្វើដំណើរឆ្លងស្ពានវិមានឈ្នះ=ឈ្នះឆ្ពោះទៅផ្លូវជាតិលេខ៦ ក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ត្រូវបានប៉ុស្តិ៍គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចខណ្ឌជ្រោយចង្វាឃាត់សួរនាំ ហើយឈ្មោះវឿនសុភណ្ណរ៉ា អ្នកបើករថយន្តបានឈប់ ហើយចុះទៅជួបសមត្ថកិច្ចនៅទីនោះ ដោយប្រាប់ថា ជូនប្អូនទៅស្រុកវិញព្រោះអត់ការងារធ្វើ ហើយគេបានអនុញ្ញាតឲ្យបន្ដដំណើរទៅមុខទៀត។ លុះមកដល់គោលដៅត្រួតពិនិត្យព្រំប្រទល់ខេត្តកណ្ដាលនិងខេត្តកំពង់ចាម ស្ថិតក្នុងភូមិក្រងស្វាយ  ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូលបានត្រួតពិនិត្យនិងធ្វើការសួរនាំឈ្មោះវឿន សុភណ្ណរ៉ា ដែលជាអ្នកបើកបររថយន្ត ហើយឈ្មោះវឿន សុភណ្ណរ៉ាបានឆ្លើយថានាំប្អូនទៅស្រុកវិញ ព្រោះនៅភ្នំពេញអត់មានការងារធ្វើ។ បន្ទាប់មកសមត្ថកិច្ច បានសួរនាំរកឯកសារធ្វើដំណើរឆ្លងកាត់ រួចឈ្មោះវឿន សុភណ្ណរ៉ា ក៏បានបង្ហាញលិខិតបេសកកម្មអ្នកសាព័ត៌មានយូម៉ា ធីវី អនឡាញ ២៥ខេត្ត-ក្រុង ដែលចុះហត្ថលេខាដោយលោក សុខ សុវណ្ណ ជាអគ្គនាយក និងកាតសម្គាល់ខ្លួន១សន្លឹកទៀត រួមទាំងអត្តសញ្ញាណប័ណ្ណរបស់ខ្លួនឱ្យសមត្ថកិច្ចពិនិត្យ។ ក្រោយពីសមត្ថកិច្ចពិនិត្យឯកសារ ឃើញថា នៅក្នុងលិខិតបេសកកម្មមានតែសាមីខ្លួន១នាក់ ហើយនៅក្នុងរថយន្ត មានអ្នករួមដំណើរ២នាក់ទៀតដែលមិនមានឯកសារបញ្ជាក់ជាអ្នកសារព័ត៌មាន សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ និងរថយន្តនាំយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។  

  នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះវឿន សុភណ្ណរ៉ា បានឆ្លើយថា៖ ខ្លួនពិតជាបានដឹកកូនជាងជួសជុលរថយន្តនៅក្នុងយានដ្ឋានរបស់ខ្លួនទាំង២នាក់ក្នុងគោលបំណងទៅស្រុកកំណើតជាមួយគ្នានៅឯខេត្តក្រចេះពិតមែន។ 

  ចំពោះជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកមុខកំពូល។ 

  ករណីនេះ សមត្ថកុច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ដោយ៖ ឆ ដា


ចែករំលែក៖