ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ និងខណ្ឌចំការមន កំពុងរៀបចំទីតាំង ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកអភិបាលរាជធានីភ្នំពេញ ជូន ដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័ក ចំនួន ៧០គ្រួសារ រស់នៅក្នុងសង្កាត់បឹងត្របែក នារសៀលថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ លោកស្រី កែវ សាម៉ុល អភិបាលរងខណ្ឌ តំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបង្ហើបថា រដ្ឋបាលរាជធានីភ្នំពេញ និងខណ្ឌចំការមន កំពុងរៀបចំទីតាំងដើម្បីចាក់វ៉ាក់សាំង កូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក ជាពិសេស ក្រុមអាជីវករដែលលក់ដូរក្នុងផ្សារ បឹងត្របែក ។

នាឱកាសនេះ លោកស្រី កែវ សាម៉ុល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ជូនបងប្អូន ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ជាពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូន ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត ។ 

លោកស្រីអភិបាលរងខណ្ឌ បានបន្តថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្តាល គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ-១៩ នៅក្នុងមូលដ្ឋាននីមួយៗ  ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ ដូច្នេះ ក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល គឺត្រូវទាមទារឲ្យមានការចូលរួមពីសំណាក់ បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះ វិលមករកស្ថានភាពធម្មតាវិញ ។

លោកស្រី កែវ សាម៉ុល បានបន្ថែមថា ដោយសារក្នុងពេលនេះជារដូវក្ដៅ ដូច្នេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គិសនី ដោយធ្វើយ៉ាងណាពិនិត្យឱ្យបានម៉ត់ចត់កុំមានការធ្វេសប្រហែសឱ្យសោះ ។

សូមបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះ ក្នុង០១គ្រួសារ ទទួលបាន៖ -អង្ករ ២៥គីឡូក្រាម -មី ០១កេស -ទឹកត្រី ០១យួរ -ទឹកស៊ីអ៉ីវ ០១យួរ និងត្រីខ ០១យួរផងដែរ ៕

ដោយ៖ ជីណា


ចែករំលែក៖