ព័ត៌មានទាន់ហេតុការណ៍៖

មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់ ស្រ្តីអាយុ ៣៩ឆ្នាំ អាយុ ៥២ឆ្នាំ និងបុរសអាយុ ៧៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោង តាមរបាយការណ៍ពី៖

១- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ រស់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចូល សម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ជាមួយលទ្ធផល វិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង ដោយការវិវត្តិរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃចេះតែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ពេលចូលដល់ មន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថា គាត់បានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនពេលចូលមកដល់មន្ទីរពេទ្យ នៅវេលាម៉ោង ១៧:០០ នាទី នាថ្ងៃដដែល។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ(Mourant entrant avec COVID-19) ។

២- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ ៥២ឆ្នាំ រស់នៅស្រុកគិរីវង្ស ខេត្តតាកែវ បានចូលមក ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤:០៥ នាទី ពេលចូលដល់មន្ទីរ ពេទ្យត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថា គាត់បានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនពេលចូលមកដល់មន្ទីរពេទ្យ។ ដោយជាករណីសង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើការវិភាគ ជាលទ្ធផលសំណាកបញ្ជាក់ថាសពមាន វិជ្ជមានកូវីដ-១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៥២ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ(Mcurant entrant avec COVID-19) ។
៣- មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៧៧ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានចូលសម្រាកពេទ្យនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០នាទី បន្ទាប់ពីទទួលបានលទ្ធផល វិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពក្ដៅខ្លួន ក្អក ហត់ខ្លាំង ។ ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ រួមជាមួយ ស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយាងយកចិត្តទុកដាក់រួម ទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:២០ នាទីព្រឹក។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៧៧ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយ សារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជា ទីបំផុតជាមួយក្រុមគ្រួសារសព។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖