ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបប្តឹងក្រុមហ៊ុន AstraZeneca ដែលមិនគោរពកិច្ចព្រមព្រៀង

ចែករំលែក៖

សហគមន៍អឺរ៉ុប កាលពីថ្ងៃទី ២៦ខែមេសា បានចាប់ផ្តើមដំណើរការផ្លូវច្បាប់ ប្តឹងក្រុមហ៊ុនផលិតវ៉ា់ក់សាំង AstraZeneca របស់អង់គ្លេស។
នៅក្នុងសេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា អឺរ៉ុបបានសម្រេចប្តឹង AstraZeneca ដោយសារតែ ក្រុមហ៊ុននេះមិនគោរពដល់កិច្ចព្រមព្រៀង ហើយមិនមានគម្រោង គួរឲ្យទុកចិត្តក្នុងការបញ្ជូនវ៉ាក់សាំង មកឲ្យអឺរ៉ុបតាមពេលកំណត់។ ការសម្រេចប្តឹងក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អង់គ្លេសនេះ គឺទទួលបានការគាំទ្រពីប្រទេសជាសមាជិកទាំង២៧ប្រទេស។
ភ្លាមៗនោះដែរ ក្រុមហ៊ុន AstraZeneca បានប្រតិកម្មភ្លាមៗ ដោយរិះគន់យ៉ាងខ្លាំងដល់សហគមន៍អឺរ៉ុប។ ទន្ទឹមនឹងនោះក្រុមហ៊ុនបានប្រកាសថា នឹងធ្វើគ្រប់យ៉ាងដើម្បីការពារក្រមហ៊ុនចំពោះមុខតុលាការ។
ការសម្រេចប្តឹងក្រុមហ៊ុន AstraZeneca ពីសំណាក់សហគមន៍អឺរ៉ុប កើតឡើងក្រោយពេលមានវិវាទជាច្រើនថ្ងៃកន្លងមក ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ វ៉ាក់សាំងតាមពេលកំណត់ ។

ក្រុមហ៊ុន AstraZeneca បានសម្រេចកាត់បន្ថយការផ្គត់ផ្គង់ដល់អឺរ៉ុប ដល់ទៅ៦០% ក្នុងឆមាសទី១ឆ្នាំ២០២១ ដោយមូលហេតុ មានបញ្ហាមួយចំនួននៅក្នុងការផលិត ។ សកម្មភាពនោះបានធ្វើឲ្យសកម្មភាពចាក់វ៉ាក់សាំងបង្ការ នៅក្នុងប្រទេសជាសមាជិកអឺរ៉ុបមានសភាពយឺតយ៉ាវ ។
តាមកិច្ចព្រមព្រៀង AstraZeneca នឹងផ្តល់វ៉ាក់សាំងឲ្យអឺរ៉ុប៨០លានដូសក្នុងឆមាសទីមួយឆ្នាំ២០២១ ប៉ុន្តែទល់ពេលនេះ AstraZenecaទើបតែផ្តល់ជូនបានតែ៣០លានដូសប៉ុណ្ណោះ៕

ដោយ៖ ធីរីណា(រូបភាព៖ VOV)


ចែករំលែក៖