ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅតែបន្តចុះត្រួតពិនិត្យគុណភាពទំនិញចាំបាច់ត្រូវយក ទៅដាក់លក់នៅតាមបណ្តាស្តង់របស់ក្រសួងពាណិជ្ជកម្ម និងចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។
ជាក់ស្ដែងមន្ត្រីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បានបន្តនាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់ខ្លួន ចុះត្រួតពិនិត្យគុណភាពផលិតផលទំនិញនៅទីតាំងឃ្លាំងស្តុកគីឡូមែត្រលេខ៦ របស់ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងបណ្តាឃ្លាំងរបស់ក្រុមហ៊ុនដៃគូផ្គត់ផ្គង់ទំនិញជូនក្រសួងពាណិជ្ជកម្មសម្រាប់ដាក់លក់ និងចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅក្នុងកំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងអនុវត្តវិធានការបិទខ្ទប់។
ក្នុងការត្រួតពិនិត្យនេះដែរ គឺដើម្បីធានាថាទំនិញចាំបាច់ យកទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋមានគុណភាពល្អ និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់៕ដោយ៖សហការី