ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខណ្ឌមានជ័យ៖​ ​​បងប្អូន​សប្បុរសជន និង​អង្គការទាំងអស់ ដែលមាន​បំណង​យក​អំណោយ​ចែកជូន​ដល់​បងប្អូន​ពលរដ្ឋ ជាប់​ក្នុង​តំបន់​ក្រហម និង​តំបន់​លឿងទុំ សូម​ទាក់ទង​មក​អាជ្ញាធរមូលដ្ឋាន​

ចែករំលែក៖

ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២១​ រដ្ឋបាល​ខណ្ឌមានជ័យ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ជា​សាធារណៈ​មួយ ជូនដំណឹង​ដល់​បងប្អូន​សប្បុរសជន និង​អង្គការ សមាគម​នានា​ទាំងអស់ ដែលមាន​បំណង​យក​អំណោយ​ចែកជូន​ដល់​បងប្អូន​ពលរដ្ឋ ដែល​ជាប់​ក្នុង​តំបន់​ក្រហម និង​តំបន់​លឿងទុំ ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ សូម​ទាក់ទង​មក​អាជ្ញាធរ ដើម្បី​រៀបចំ​លក្ខណៈសម្បត្តិ ក្នុង​ការចុះ​ចែកជូន​ឲ្យមាន​របៀបរៀបរយ ជៀសវៀង​ការចុះ​ចែក​ដោយ​ខ្លួនឯង បង្កឲ្យមាន​ការប្រមូល​ផ្តុំ​មនុស្ស​ច្រើន​។​

ជាក់ស្ដែង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ បានធ្វើឡើងបន្ទាប់ពី​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​២ ខែឧសភា ឆ្នាំ​២០២១ មាន​អង្គការ​មួយ​ឈ្មោះ « អង្គការ​តុកកែ​ញញឹម​កម្ពុជា » បាន​នាំយក​អំណោយ​មួយចំនួន ចែកជូន​ដល់​បងប្អូន ស្ថិតក្នុង​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ដែលជា​តំបន់​ក្រហម កំពុងធ្វើការ​បិទ​ខ្ទប់​។ ដោយ​ឡែក​ការនាំយក​អំណោយ​ចែកជូន​នោះ ដោយ​ពុំបាន​សុំ​ការសហការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋា​ម មាន​មេភូមិ ចៅសង្កាត់ ឬ​ថ្នាក់​ខណ្ឌ​ឡើយ ជាហេតុ​ធ្វើអោយ​បងប្អូន​ពលរដ្ឋ​ជាង ១០០​គ្រួសារ ដែល​បាន​ទៅ​ទទួល​អំណោយ​ពី​អង្គការ​នោះ បាន​ប្រមូល​ផ្តុំគ្នា​ឈរ​តម្រង់​ជួរ​គ្នា​យ៉ាង​រដឹក ដើម្បី​រង់ចាំ​ទទួល​អំណោយ ដោយ​គិតថា ជាការ​ផ្តល់អោយ​ពី​សំណាក់​រដ្ឋាភិបាល​សារជាថ្មី​ម្តងទៀត ខណៈដែល​ពលរដ្ឋ​នៅ​តំបន់​នោះ ប្រមាណ ៨០​ភាគរយ គឺ​ធ្លាប់​ទទួលបាន​អំណោយ​កាលពីពេល​ថ្មីៗ​នេះ​។

​ជាក់ស្ដែង​បាតុភាព ចុះ​នាំយក​អំណោយ​ចែកជូន ដោយ​មិន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខាងលើ ធ្វើអោយ​ពលរដ្ឋ​មានការ​ប្រមូល​ផ្តុំគ្នា ក្នុង​ចំនួន​មនុស្ស​ច្រើន បង្ក​ជា​ហ​និ​ភ័យ​ខ្ពស់​ក្នុង​ការរីក​រាលដាល​ឆ្លង នៃ​ជម្ងឺ​កូ​វីដ​១៩ ពិសេស​នោះ គឺ​ធ្វើអោយ​បងប្អូន​ពលរដ្ឋ យល់​ច្រ​លំ​ថា ជា​អំណោយ​ថ្មី​របស់​រាជ​រដ្ឋ​ភិ​បាល​ក្នុង​ការចែកជូន ម្យ៉ាង​ប្រសិន​ក្នុងករណី​ចែកជូន​មិនបាន​គ្រប់ៗ​គ្នា​ទៀត​នោះ ធ្វើអោយ​ពួកគាត់​កើត​នូវ​ចិត្ត​ខឹងសម្បា​ជាមួយ​អាជ្ញាធរ ថា​ផ្តល់​អំណោយ​ជូន​មិនបាន​គ្រប់គ្នា​។​

​ដូច្នេះ​ជុំវិញបញ្ហានេះដែរ​ បន្ទាប់ពី​មានការ​ប្រមូលផ្តុំ ក្នុង​ចំនួន​មនុស្ស​ប្រមាណ ២០០​នាក់​រួចមក អាជ្ញាធរ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ឌី រ័ត្ន​ខេ​ម​រុណ បាន​ចុះ​សម្របសម្រួល និង​ពន្យល់​ណែនាំ​ដល់​បងប្អូន​ពលរដ្ឋ កុំ​មាន​ការយល់ច្រលំ​ចំពោះ​អំណោយ​ខាងលើ និង​សូម​ចូល​តាម​លំនៅឋាន​រៀងៗ​ខ្លួន ជៀសវៀង​ការ​ផ្តុំគ្នា អាចមាន​ការឆ្លង​កាន់តែខ្លាំង នៃ​ជំងឺ​កូ​វីដ​។​ ក្រោយ​ទទួលបាន​ការណែនាំ​ហើយ​នោះ បងប្អូន​ពលរដ្ឋ ក៏​នាំគ្នាចូល​តាម​លំនៅឋាន​រៀងៗ​ខ្លួន​អស់​តែម្តង ។

​ជាមួយគ្នានេះ អាជ្ញាធរ​ខណ្ឌ បាន​ណែនាំ​ដល់​លោក​មេភូមិ អោយ​ចុះ​ស្រង់​ស្ថិតិ​ពលរដ្ឋ​ក្នុងភូមិ​របស់ខ្លួន អោយបាន​គ្រប់ៗ​គ្នា ពិសេស​បងប្អូន​ពលរ​ដ្ឋ​ក្រីក្រ កម្មករ​កម្មការិនី​រោងចក្រ អ្នក​ដែលមាន​កម្រិតជីវភាព​ខ្វះខាត ដើម្បី​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​នាំយក​អំណោយរ​ដ្ឋា​ភិ​បាល ចែកជូន​ពួកគាត់​ជាអាទិ៍​ភាព និង​បន្ត​ចែក​បងប្អូន​ពលរដ្ឋ​ផ្សេងទៀត តាម​ក្រោយ អោយទទួល​បាន​គ្រប់ៗ​គ្នា​។

​ដោយឡែក ប្រសិនបើ​បងប្អូន​ពលរដ្ឋ ធ្លាប់​ទទួលបាន​ហើយ ក៏ប៉ុន្តែ​អំណោយ​ដែល​បាន​ចែកជូន គឺ​ទទួលទាន​បរិភោគ​អស់ ដូច្នោះ​ហើយ​សូម​បងប្អូន ទាក់ទង​ជាមួយ​លោក​មេភូមិ ដើម្បីអោយ​មេភូមិ​ប​ញ្ចូ​ន​ឈ្មោះ និង​ចំនួន​ច្បាស់លាស់​អំពី​កង្វះខាត​ស្បៀងអាហារ​របស់​បងប្អូន ងាយ​នឹង​អាជ្ញាធរ ធ្វើការ​កំណត់​ថ្ងៃ និង​ស្បៀងអាហារ ដែលជា​អំណោយ​រដ្ឋាភិបាល អោយបាន​គ្រប់គ្រាន់ ក្នុង​ការយកទៅ​ចែកជូន​ដល់​បងប្អូន ដែល​កំពុង​ខ្វះខាត អោយទទួល​បាន​គ្រប់ៗ​គ្នា​តែម្តង​៕ដោយ៖សហការី


ចែករំលែក៖