ខេត្តឧត្តរមានជ័យ៖ មន្ត្រីសុខាភិបាល នៃមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ចំនួន ៤នាក់ ដឹកនាំដោយលោក នៅ សំអន ប្រធានការិយាល័យប្រតិបត្តិ ស្រុកអន្លង់វែង និងស្រុក ត្រពាំងប្រាសាទ នៅវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃពុធទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានចុះស្រាវជ្រាវករណីឈ្មោះ ហិន វុត្ថា ភេទប្រុស ជាអ្នកដើរលក់ឱសថរបស់ក្រុមហ៊ុន វត្តីឱសថ មកពីទីក្រុងភ្នំពេញ មានវិជ្ជមានកូវីដ-១៩ ហើយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ កន្លងទៅបានយកឱសថទៅលក់ឲ្យឈ្មោះ ត្រាច សុវណ្ណដែន ភេទស្រី អាយុ ៣២ឆ្នាំ ដែលបេីកផ្ទះគ្រូពេទ្យព្យាបាលឯកជនជម្ងឺទូទៅ និងជម្ងឺកុមារ ស្ថិតនៅក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បេីយោងតាមការបំភ្លឺ របស់ម្ចាស់កន្លែងព្យាបាលជំងឺឯកជន និងឱសថស្ថានសុវណ្ណដែន ក៏បានបញ្ជាក់ថា ខ្លួនពិតជាបានទទួលទិញថ្នាំពេទ្យ ពីឈ្មោះ ហិន វុត្ថា ចំនួន ១០ ប្រអប់ គឺថ្នាំប្រភេទ NANOCALCIUM ពិតប្រាកដមែន ដោយនៅពេលដែលទាក់ទងគ្នា គឺនៅមានគម្លាតពីគ្នាចំងាយ ១ម៉ែត្រ ដោយមានការពាក់ម៉ាស់ត្រឹមត្រូវ។
គួរបញ្ជាក់ថា ជាមួយគ្នានេះ លោក ហោ ជិនវិរយុទ្ធ អភិបាលស្រុក អន្លង់វែង នៅវេលាម៉ោង ៣រសៀលថ្ងៃទី៥ ឧសភានេះដែរ ក៏បានដឹកនាំកម្លាំងចម្រុះចុះបិទទីតាំងខាងលើ ជាបណ្តេះអាសន្នដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក ដែលមានសមាជិកក្នុងក្រុមគ្រួសារ និងអ្នកជំងឺចំនួន ១៦នាក់ក្នុងនោះស្រី១១នាក់៕ដោយ៖សហការី