ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ចាមជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅក្នុងជំនួបពិភាក្សាការងារសំខាន់ៗអស់ជាច្រើនម៉ោង រវាងលោលអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ នៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នៅក្នុងជំនួបដ៏មានអត្ថន័យនោះលោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនលោកអភិបាលខេត្តកំពង់ចាមផងដែរថា លោកពិតជាចាប់អារម្មណ៍បំផុតនូវសក្កដានុពលនៃវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ចាមដ៏ស្រស់បំព្រងមួយនេះ ដោយខេត្តកំពង់ចាមសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តនិងទេសចរណ៍ធម្មជាតិដ៏ស្រស់សម្បូរបែប។

ក្នុងនោះលោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងការកោតសរសើរនូវស្នាដៃដ៏អស្ចារ្យរបស់កូនខ្មែរ ដែលបានកែច្នៃពីដើមឬស្សី ទៅជាស្ពានឬស្សីឆ្លងកាត់ទន្លេមេគង្គដ៏វែង ដែលតភ្ជាប់ពីក្រុងកំពង់ចាម ឆ្ពោះទៅកាន់ទឹកដីកោះប៉ែន ហើយលោកឯកអគ្គរដ្ឋទូតបានសន្យាថា បើពេលវេលាអំណោយផល នៅរដូវប្រាំងឆ្នាំក្រោយ ពេលស្ពានឬស្សីកោះប៉ែនចាប់ផ្តើមស្ថាបនា នោះលោកនិងក្រុមការងារនឹងអញ្ជើញមកចូលរួមទស្សនាម្ដងទៀត។

ដោយការដឹកនាំដ៏ឈ្លៀសវៃ និងបុិនប្រសព្វរបស់លោកអភិបាលខេត្តកំពង់ចាម លោកបានស្នើដល់លោកឯកអគ្គរដ្ឋទូត ជួយជំរុញដល់អ្នកវិនិយោគិនឲ្យមកធ្វើការវិនិយោគនៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ហើយខេត្តកំពង់ចាម ក៏សូមស្វាគមន៍ដល់អ្នកវិនិយោគិនដែលមានបំណងចង់មកធ្វើការវិនិយោគលើគ្រប់វិស័យនៅក្នុងទឹកដីខេត្តកំពង់ចាម។ជាការឆ្លើយតបទៅនឹងសំណើរបស់លោកអភិបាលខេត្ត លោកឯកអគ្គរដ្ឋទូតបានថ្លែងថា លោកសូមទទួលយកនូវសំណើខាងលើនេះទៅជម្រាបដល់អ្នកវិនិយោគិនឲ្យមកធ្វើការវិនិយោគនៅលើទឹកដីនៃខេត្តកំពង់ចាមដ៏ស្រស់បំព្រងមួយនេះ៕

ដោយ៖ សូរិយា


ចែករំលែក៖