ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យបានចុះប្រតិបត្តិការបង្ក្រាបទីតាំងសណ្ឋាគារឈ្មោះ «ប៊ែនប៊ែន» កម្ពស់៦ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦១នាក់ ក្នុងនោះមានស្រី ១៦នាក់ ដែលមាន៥សញ្ជាតិ រួមមាន៖ ជនជាតិចិន ៥នាក់ (ប្រុស), ជនជាតិខ្មែរ៥នាក់ (ស្រី១នាក់), ជនជាតិឥណ្ឌូនេស៊ី ២៨នាក់ (ស្រី៣នាក់), ជនជាតិថៃ ២២នាក់ (ស្រី៩នាក់) និងជនជាតិម៉ាឡេស៊ី ១នាក់ (ប្រុស)។ ទីតាំងដែលជនសង្ស័យធ្វើសកម្មភាពមាន៤បន្ទប់ រួមមានបន្ទប់តូច២នៅជាន់ទី២ និង Hall ធ្វើការ២កន្លែងទៀតនៅជាន់ទី៥ និងជាន់ទី៦។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាច្រើនសម្រាប់បម្រើបទល្មើស រួមមាន៖ ម៉ាស៊ីន All in One ចំនួន ៧៩គ្រឿង, CPU ៤គ្រឿង, ទូរស័ព្ទសម្រាប់ធ្វើការ ១១៤គ្រឿង, ទូរស័ព្ទផ្ទាល់ខ្លួន៣៩គ្រឿង និង Monitor ១៧គ្រឿង។ ចំណែកម្ចាស់ទីតាំងឈ្មោះ ងី ចំរើន ភេទប្រុស និងឈ្មោះ នាង ស្រីនុច ភេទស្រី ពុំមានវត្តមាននៅកន្លែងកើតហេតុនោះទេ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច