ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ចូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ និងរក្សាទុកនូវសារធាតុញៀន ដែលបង្កឡេីងនៅវេលាម៉ោង១០និង០០នាទី កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ម៉ីន កាហ្វី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥៥៤ ផ្លូវលំ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះ តាំង មុយឆុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ ម៉ីន កាហ្វី បានប្រើ Account Facebook ឈ្មោះ KoKo Real ឆាត ទៅ Account Facebook ឈ្មោះ ប្រុស ស្វិត ដើម្បីទិញទូរស័ព្ទដៃ១គ្រឿង ម៉ាក Samsung Note-១០ Plus ពណ៌ស តម្លៃ ៥១០ដុល្លារ។ លុះដល់ថ្ងៃទី ២០ ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី ជនសង្ស័យឈ្មោះ ម៉ីន កាហ្វី បានទាក់ទងទៅជនរងគ្រោះយកទូរស័ព្ទមកឲ្យនៅចំណុចកើតហេតុ ពេលជនរងគ្រោះមកដល់ក៏យកទូរស័ព្ទឲ្យជនសង្ស័យ ហើយជនសង្ស័យក៏លួចយកទូរស័ព្ទរបស់ជនរងគ្រោះម៉ាកខាងលើឲ្យទៅបក្ខពួកម្នាក់ទៀតឈ្មោះ អុីម រួចក៏នាំគ្នារត់គេចខ្លួនបាត់ទៅ។ លុះមកដល់ថ្ងៃទី ២១ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង១២ និង០០នាទី ជនសង្ស័យឈ្មោះ ម៉ីន កាហ្វី បានយកទូរស័ព្ទដៃម៉ាកខាងលើទៅរក លក់ឱ្យគេនៅម្តុំភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដកហូតវត្ថុតាងទូរស័ព្ទ ម៉ាក Samsung Note-១០ Plus ពណ៌ស (ជារបស់ជនរងគ្រោះ), ទូរស័ព្ទដៃម៉ាក Huawei ពណ៌ស (ជារបស់ជនសង្ស័យ) និងត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ចំនួន២កញ្ចប់តូច ក្នុងហោប៉ៅខោជនសង្ស័យ រួចក៏បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមច្បាប់។ ចំណែកបក្ខពួកជនសង្ស័យឈ្មោះ អុីម បានរត់គេចខ្លួនបាត់។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ