ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមប្រើកាំបិតប៉័ងតោកាប់យុវជន៣នាក់បណ្តាលរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនបានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមបានប្រើកាំបិតប៉័ងតោកាប់ទៅលើយុវជន៣នាក់បណ្តាលឱ្យរងរបួសធ្ងន់ និងបានកាប់ម៉ូតូជនរងគ្រោះបណ្តាលឱ្យបែកខ្ទេចខ្ទីថែមទៀត ចំណែបក្ខពួកជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនបានម្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២១ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវបេតុង ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

លោកគាន់ ឌីណា អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ខណ្ឌច្បារអំពៅបានឱ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់គឺ១-ឈ្មោះ ម៉ៅ ចាន់និរុណ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ២A ផ្លូវលេខ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។២-ឈ្មោះ ហេង សុម៉េត អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ ស្នាក់នៅផ្ទះលេខ៧២ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ៣-ឈ្មោះ គង់ កឹង អាយុ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សូ សុវណ្ណរ័ត្ន អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាក ស្នាក់នៅភូមិព្រែក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ (ជនសង្ស័យប្រើប្រាស់គ្រឿងញៀន)។

លោកគាន់ ឌីណា អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ខណ្ឌច្បារអំពៅបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ និងមិត្តភក្តិនាំគ្នាផឹកស៊ីនៅចំណុចកើតហេតុ ពេលនោះស្រាប់តែមានជនសង្ស័យ ៩នាក់ដែលមានឈ្មោះ សូ សុវណ្ណរ័ត្ន, ឈ្មោះ ថៃ, ឈ្មោះ ភា និងបក្ខពួក៦នាក់ទៀតមិនស្គាល់ឈ្មោះបាននាំគ្នាផឹកស៊ីនៅក្បែរនោះដែរ រួចក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះក្រុមជនសង្ស័យក៏នាំគ្នាយកកាំបិតប៉័ងតោកាប់និងវាយទៅលើជនរងគ្រោះឈ្មោះ ម៉ៅ ចាន់និរុណ បណ្តាលឱ្យរងរបួសបែកក្បាល និងកំភួនជើងខាងឆ្វេង រួចកាប់ជនរងគ្រោះឈ្មោះ គង់ កឹង របួសក្បាល និងកាប់ម៉ូតូជនរងគ្រោះឈ្មោះ ហេង សុម៉េត ម៉ាកហុងដាស្គូពី ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ ១IT-៧១១៩ បណ្តាលឲ្យបែកកុងទ័រ និងចង្កៀងខាងមុខ រួចពួកជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនយកកាំបិតប៉័ងតោបោះចោលបាត់ទៅ ។ លុះដល់ថ្ងៃទី ២៧ ខែកក្កដា​ ឆ្នាំ២០២១ វេលាម៉ោង១១យប់ សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សូ សុវណ្ណរ័ត្ន នៅចំណុចភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធី ចំណែកបក្ខពួក ០៨នាក់ទៀតដែលរត់ខ្លួនសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖