អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលវៀតណាម បានប្រកាសនៅថ្ងៃអង្គារនេះបន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីៗ រហូតដល់ ១០,៨១១ករណីបន្ថែមទៀត។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺកូវីដស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះមានចំនួន ៣៤៨នាក់បន្ថែមទៀត។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១៤ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៤,៦២៧នាក់ ខណៈស្ថានការណ៍កូវីដ-១៩ នៅក្នុងប្រទេសអាស៊ានមួយនេះ ហាក់មិនមានធូរស្បើយឡើយ។
គួរបញ្ជាក់ថា ប្រទេសវៀតណាម គិតត្រឹមយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ មានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៣៦៩,២៦៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១៦២,២៧៩នាក់ ខណៈចំនួនអ្នកស្លាប់ ៩,០១៤នាក់៕
ដោយ៖ស តារា