ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង ៖ ចាប់ពីពេលនេះតទៅ គេហទំព័រហ្វេសប៊ុករបស់ខ្ញុំនឹងធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់នូវសមិទ្ធផលការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា !

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា, ចាប់ពីពេលនេះតទៅ គេហទំព័រហ្វេសប៊ុករបស់ខ្ញុំនឹងធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់នូវសមិទ្ធផលការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ! 

សម្ដេចក្រឡាហោម ស ខេង បានបន្តថា, បងប្អូនជនរួមជាតិជាទីគោរព!  នៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឱ្យបានជ្រាបថា ចាប់ពីពេលនេះតទៅ គេហទំព័រហ្វេសប៊ុករបស់ខ្ញុំនឹងធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់នូវសមិទ្ធផលការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដែលជាយន្តការមួយមានការពាក់ព័ន្ធយ៉ាងជិតដិតបំផុតទៅនឹងជីវភាពប្រចាំថ្ងៃរបស់បងប្អូន។

ពាក់ព័ន្ធនឹងកិច្ចការនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិថា ប្រទេសកម្ពុជាយើងក៏ធ្លាប់មានប្រព័ន្ធអភិបាលកិច្ចមូលដ្ឋានជាយូរលង់មកហើយ។ ប៉ុន្តែប្រព័ន្ធអភិបាលកិច្ចនេះ មានការប្រែប្រួលទៅតាមការផ្លាស់ប្តូររបបនយោបាយជាច្រើនលើកច្រើនសារ។ ទោះបីមានការផ្លាស់ប្តូរនូវរបបនយោបាយបែបនេះក្តី ក៏ជាទូទៅប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅក្នុងប្រទេសយើងនៅរក្សារបៀបគ្រប់គ្រងតាមបែបមជ្ឈការដែលបានបន្សល់ទុកតាំងពីយូរយារមកហើយ។ 

សម្តេចបានលើកឡើងថា, ក្នុងប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរនូវរបបនយោបាយទាំងនេះ ជាអកុសល ប្រទេសយើងក៏បានជួបនូវសោកនាដកម្មដ៏សែនឈឺចាប់ជាទីបំផុត នោះគឺសង្រ្គាមស៊ីវិលរ៉ាំរ៉ៃដែលបានអូសបន្លាយពេលវេលាជាច្រើនទសវត្សរ៍ ជាពិសេសរបបប្រល័យពូជសាសន៍ប៉ុលពតដែលបានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាជនយ៉ាងរង្គាល ព្រមទាំងបានបំផ្លិចបំផ្លាញទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់វិស័យ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ ព្រមទាំងធនធានមនុស្ស។ បើទោះបីជា ប្រទេសជាតិរបស់យើងត្រូវរំដោះឱ្យចាកផុតពីរបបយ៉ង់ឃ្នងនេះក៏ដោយ ក៏ប្រទេសជាតិយើងនៅតែបន្តមានសង្រ្គាមស៊ីវិលដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកទៀត រហូតដល់យើងទទួលបាននូវសុខសន្តិភាពពេញលេញនាចុងឆ្នាំ១៩៩៨។ 

បន្ទាប់ពីទទួលបានសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិ និងឯកភាពទឹកដីពេញលេញតាមរយៈការអនុវត្ត “នយោបាយឈ្នះ-ឈ្នះ” ដែលផ្តួចផ្តើមគំនិត និងដឹកនាំអនុវត្តដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាចុងទសវត្សរ៍៩០ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅជាសារវន្តក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ គឺការកសាងសង្គមកម្ពុជាមួយដែលធានាដល់ការបន្តរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្លាប់សង្គម មានការអភិវឌ្ឍប្រកបដោយចិរភាព បរិយាប័ន្ន និងសមធម៌សង្គម ឈរលើមាគ៌ានៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស មានមនសិការផ្សារភ្ជាប់គ្នា មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ វប្បធម៌ជ្រៅជ្រះ មានជីវភាពសមរម្យ  និងមានការរស់នៅប្រកប ដោយសុខដុមរមនាក្នុងសង្គមជាតិ។ 

បងប្អូនជនរួមជាតិជាទីគោរព! ដើម្បីធានាដល់ការសម្រេចបាននូវទិសដៅជាសារវន្តនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវសកម្មភាពនយោបាយ សេដ្ឋកិច្ច និងសង្គមនានាដែលក្នុងនោះរួមមាន យុទ្ធសាស្ត្រចតុកោណតាមនីតិកាលនីមួយៗនៃរដ្ឋសភា ដោយកំណត់យកកំណែទម្រង់អភិបាលកិច្ចធ្វើជាស្នូលនៃយុទ្ធសាស្ត្រទាំងនេះ។ បន្ថែមលើនេះ ផ្អែកលើការរីកចម្រើនផ្នែកសេដ្ឋកិច្ច ភាពសម្បូរបែប បច្ចេកវិទ្យាទំនើប និងការកើនឡើងនូវតម្រូវការសង្គម រួមជាមួយនឹងចរន្តនៃតំបន់ភាវូបនីយកម្ម សកលភាវូបនីយកម្ម និងការប្រកួតប្រជែងទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិបានតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវតែបន្តធ្វើការកែទម្រង់អភិបាលកិច្ចឱ្យបានស៊ីជម្រៅថែមទៀត ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃតម្រូវការសង្គម និងចរន្តតំបន់ភាវូបនីយកម្ម និងសកលភាវូបនីយកម្មទាំងនេះ។ 

ក្នុងន័យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវទស្សនទានណែនាំជាគន្លឹះថា “កំណែទម្រង់រស់ បើមិនធ្វើកំណែទម្រង់ស្លាប់” “កំណែទម្រង់គឺជាកត្តាស្លាប់រស់របស់កម្ពុជា” “កម្ពុជាគ្មានជម្រើសណាល្អប្រសើរក្រៅពីការធ្វើកំណែទម្រង់ទេ ក្នុងឱកាសដែលប្រទេសជាតិយើងកំពុងតែទទួលផលចំណេញពីសន្តិភាព និងស្ថេរភាពដែលយើងខិតខំកសាង និងការពារបានយ៉ាងលំបាក”។

ដូចខ្ញុំបានបញ្ជាក់ជូនខាងលើ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ដ៏មានសារៈសំខាន់មួយក្នុងចំណោមកម្មវិធីកំណែទម្រង់នានានៃប្រព័ន្ធអភិបាលកិច្ចរបស់រាជរដ្ឋាភិបាល។   

ដូច្នេះតើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានន័យដូចម្តេច? 

តើហេតុអ្វីបានជារាជរដ្ឋាភិបាលសម្រេចចិត្តធ្វើកំណែទម្រង់នេះក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ? 

តើការអនុវត្តកំណែទម្រង់នេះបានសម្រេចលទ្ធផលអ្វីខ្លះ និងមានទិសដៅទៅអនាគតយ៉ាងដូចម្តេច?

រូបខ្ញុំផ្ទាល់ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងសហការី ពិសេសលេខាធិការដ្ឋាន គ.ជ.អ.ប រីករាយក្នុងការបកស្រាយ និងជជែកពិភាក្សាជាមួយបងប្អូនជនរួមជាតិលើសំណួរទាំងនេះជាបន្តបន្ទាប់នៅក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖