ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករលក់គ្រឿងបន្លាស់រថយន្តជជុះ បាននិងកំពុងបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្កាត់ផ្សារដេប៉ូទី១

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអាជីវករមួយចំនួនបានដាក់តាំងលក់គ្រឿងបន្លាស់រថយន្តជជុះ ចេញមកលើចិញ្ចើមផ្លូវ ដែលធ្វើឲ្យមានផលវិបាកសម្រាប់អ្នកថ្មើរជើងរកកន្លែងដើរគ្មាន។ ក្រុមអាជីវករទាំងនោះមិនបានគិតពីសណ្ដាប់ធ្នាប់ និងសោភណភាពទីក្រុងអ្វីឡើយ ដែលទង្វើបែបនេះនៅតែជាបញ្ហារបស់អាជ្ញាធរមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ក៏ដូចជាគណ:បញ្ជាការឯកភាពខណ្ឌទួលគោកផងដែរ។

   បញ្ហាគ្មានសណ្តាប់ធ្នាប់របស់អាជីវករលក់តាមបណ្ដោយផ្លូវមួយចំនួនក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ សឹងក្លាយទៅជាទីកន្លែងសម្រាប់ឲ្យអាជីវករ ដាក់តាំងលក់គ្រឿងបន្លាស់រថយន្តនៅលើចិញ្ចើមផ្លូវអស់ទៅហើយ។ 

   រូបភាពជាក់ស្តែងនេះបានបង្ហាញពីទង្វើឥតសណ្តាប់ធ្នាប់ដែលតែងតែបង្កឲ្យមានការពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយសារគេតែងតែសង្កេតឃើញថា រៀងរាល់ថ្ងៃមានរថយន្តជាច្រើនគ្រឿងត្រូវគេយកមកចត ហើយជាពិសេសនោះគឺម្ចាស់យានដ្ឋានបានយកគ្រឿងបន្លាស់រថយន្តចាស់ៗមកគរចោលលើទ្រូងផ្លូវតែម្តង ខណ:ដែលផ្លូវមួយនេះមានសភាពតូចចង្អៀតផង ធ្វើឲ្យអ្នកធ្វើដំណើរថ្មើរជើងសឹងតែរកផ្លូវដើរមិនបាន។

   ពាក់ព័ន្ធនឹងករណីនេះ លោកស្រី ពៅ សាម៉ោច ចៅសង្កាត់ផ្សារដេប៉ូទី១ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ថា ពាក់ព័ន្ធបញ្ហាទីតាំងលក់គ្រឿងបន្លាស់រថយន្តនៅតាមបណ្តាកន្លែងមួយចំនួននៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ គឺលោកស្រីបានចុះរៀបចំសណ្តាប់ធ្នាប់ជាច្រើនលើកច្រើនសាមកហើយ និងបានស្នើសុំទៅលោកអភិបាលខណ្ឌទួលគោក និងលោកអធិការខណ្ឌទួលគោក សុំរថយន្តដើម្បីមកស្ទូចយករបស់របរដែលដាក់តាំងលក់នៅលើចិញ្ចើមផ្លូវពីរបីដងមកហើយ និងបានចុះរៀបចំជាបន្តបន្ទាប់ផងដែរ។ លោកស្រីចៅសង្កាត់បានឱ្យដឹងទៀតថា ដោយសារបរិបទជំងឺកូវីដ-១៩ គឺលោកស្រីមិនចុះរៀបចំដូចមុននោះទេ គ្រាន់ចុះទៅអប់រំណែនាំដល់ម្ចាស់ទីតាំងលក់គ្រឿងបន្លាស់រថយន្តឱ្យដាក់លក់ឲ្យផុតពីចិញ្ចើមផ្លូវ។

នាពេលថ្មីៗនេះ តាមការណែនាំរបស់សាលារាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទួលគោក បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងអស់ឱ្យគោរពតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ដើម្បីរំដោះចិញ្ចើមផ្លូវទុកផ្លូវសម្រាប់អ្នកថ្មើរជើង គឺសម្រាប់ម្ចាស់ទីតាំងលក់រថយន្តនៅតាមផ្លូវនេរុហ៍(ផ្លូវលេខ២១៥) ឲ្យដាក់លក់រថយន្តនៅតែក្នុងផ្ទះប៉ុណ្ណោះ គឺមិនឲ្យមានតាំងលក់រថយន្តលើចិញ្ចើមផ្លូវឡើយ។

   ជាមួយគ្នានោះដែរលោកប៊ុន ណាន អធិការរងខណ្ឌទួលគោកបានឱ្យដឹងតាមទូរស័ព្ទថា ពាក់ព័ន្ធនឹងករណីអាជីវកម្មលក់គ្រឿងបន្លាស់រថយន្តនេះផងដែរគឺយើងមិនអាចចុះទៅធ្វើដោយខ្លួនឯងបានទេ ទាល់តែមានគោលការណ៍ពីគណៈបញ្ជាឯកភាពខណ្ឌទួលគោកទើបយើងអាចចុះធ្វើបាន ។លោកអធិការរងបន្តថា ទីតាំងលក់គ្រឿងបន្លាស់រថយន្តចាស់ៗនេះយើងចុះធ្វើជាប្រចាំដែរ តែដោយសារមួយរយៈនេះយើងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាលច្រើន ទើបយើងបន្ថយដៃសិន ហើយក៏មានបងប្អូនយើងបានចូលរួមអនុវត្តទៅតាមគោលការណ៍របស់សាលារាជធានីភ្នំពេញក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌទួលគោកយើងបានច្រើនផងដែរ គឺនៅសល់ប្រហែល២០ទៅ៣០ភាគរយទៀតប៉ុណ្ណោះដែលពួកគាត់មិនទាន់បានចូលរួមជាមួយយើង ដើម្បីសោភណភាពទីក្រុងយើងស្អាតទាំងអស់គ្នា។

  ចំណែក លោក អ៊ួង សំណាង មេប៉ុស្តិ៍ផ្សារដេប៉ូទី១បានឱ្យដឹងតាមទូរស័ព្ទដែរថា យើងកំពុងតែចុះធ្វើហើយ ប៉ុន្តែដោយសារតែបញ្ហាជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់យើងទើបយើងផ្អាកសកម្មភាពសិន។ លោកមេប៉ុស្តិ៍បន្តថា ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលខណ្ឌទួលគោក គឺយើងនឹងចុះរៀបចំទៀតក្រោយបញ្ហាជំងឺកូវីដ-១៩ ដោយឲ្យពួកគាត់កាត់សំយាបនៅខាងមុខផ្ទះ​ និងឲ្យពួកគាត់ដាក់លក់គ្រឿងបន្លាស់រថយន្តនៅត្រឹមមុខផ្ទះតែប៉ុណ្ណោះ។

   ពាក់ព័ន្ធករណីនេះដែរលោកជា ពិសី អភិបាលខណ្ឌទួលគោក ដែលទើបឡើងកាន់តំណែងអភិបាលខណ្ឌថ្មីនោះ ក្រុមការងារគេហទំព័រនគរវត្តទូរស័ព្ទចូល​ ហើយមានអ្នកលើកបាននិយាយថា “មេកំពុងជាប់ប្រជុំ”។ 

ជាមួយគ្នានោះដែរលោកស្រីចៅសង្កាត់បានសំណូមពរដល់ប្រជាពលរដ្ឋដែលជាម្ចាស់ទីតាំងលក់គ្រឿងបន្លាស់រថយន្តចាស់ៗ ត្រូវចូលរួមអនុវត្តន៍ឲ្យបានល្អជាមួយអាជ្ញាធរ គឺត្រូវដាក់តាំងលក់របស់របរនៅត្រឹមដែនកំណត់របស់អាជ្ញាធរនិងយកប្រធានបទ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ មកប្រើឱ្យបានជាប់ជានិច្ច៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖