ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន ទទួលជួបអនុប្រធាន បេសកកម្ម នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដោយសរសើរ រដ្ឋាភិបាលកម្ពុជា ការងារផ្ដល់ វ៉ាក់សំាង កូវីដ-១៩ ឈានមុខគេនៅក្នុងអាស៊ាន

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាដំបូងរវាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយ លោក Andreas Zurbrugg អនុប្រធានបេសកកម្មថ្មី នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ នាទីស្តីការក្រសួង ។

លោក អនុប្រធាន បេសកកម្មរូបនេះ បានចាប់អារម្មណ៍ទៅលើការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅកម្ពុជា ថា ការផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ កន្លងមកបានល្អ ហើយស្ទើរតែជាប្រទេសឈានមុខគេនៅក្នុងអាស៊ាន បាននឹងកំពុងល្បីបំផុតនៅក្នុងពិភពលោក ។

    លោក Andreas Zurbrugg បានជំរាបជូនលោកស្រីឧបនាយករដ្ឋមន្ត្រីទៀតថា៖ លោក បានមកដល់កម្ពុជា រយៈពេល ៣ខែមកហើយ ហើយមានការចាប់អារម្មណ៍ខ្លាំងលើការរីកចំរើនរបស់កម្ពុជាលើគ្រប់វិស័យ ។ បេសកកម្មរបស់លោក គឺក្នុងនាមអ្នកជួយសម្របសម្រួលសហប្រតិបត្តិការជាមួយកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីតាមរយៈស្ថានទូត ពិសេសក្នុងពេលកម្ពុជាកំពុងត្រៀមលក្ខណៈសម្បត្តិរៀបចំកិច្ចប្រជុំសំខាន់ៗកំរិតពិភពលោកជាច្រើននៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២ ដូចជាការ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី អឺរ៉ុប និងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ានជាដើម ។

     ជាការឆ្លើយតប លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំរាបជូនភ្ញៀវថា៖ ការចាក់វ៉ាក់សាំងនេះ ជាជំហររបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញជាយុទ្ធសាស្ត្ររួចហើយ គឺជាការស្រោចវ៉ាក់សាំងជូនប្រជាជនកម្ពុជាក្នុងគោលដៅ ១០លាននាក់  ហើយបច្ចុប្បន្នសម្រេចបានជិត១០០ភាគរយ នឹងកំពុងបន្តចាក់ជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំបន្ថែមទៀត ។

     លោកស្រីបន្ថែមទៀតថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ធ្វើឡើងចាប់ពីប្រជុំជន ដល់ជនបទ មិនប្រកាន់ឋានៈ ជាតិសាសន៍ និន្នាការនយោបាយនោះឡើយ ដោយរាប់ទាំងពលករខ្មែរមកពីក្រៅប្រទេស ក៏ត្រូវទទួលបានដោយឥតគិតថ្លៃ ។

ទាក់នឹងវ៉ាក់សាំងនេះដែរ លោក Andreas Zurbrugg បានជំរាបជូនលោកស្រី ម៉ែន សំអន ថា៖ រដ្ឋាភិបាលអូស្ត្រាលី បានចំណាយថវិកាប្រមាណជា៣៥លានដុល្លារលើគំរោងមួយក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជា ដែលបានសហការជាមួយក្រសួងសុខាភិបាលកម្ពុជា អង្គការយូនីសែហ្វ និងអង្គការសុខភាពពិភពលោក ។

     លោក Andreas Zurbrugg បន្តទៀតថា គម្រោងជំនួយវ៉ាក់សាំងកូវីដ-១៩នេះ គឺយើងមិនមែនតែទិញវ៉ាក់សាំងតែមួយមុខនោះទេ យើងជួយទូទៅ លើលទ្ធកម្ម បច្ចេកទេស ការបណ្តុះបណ្តាលពេទ្យ ធ្វើយ៉ាងណា ឲ្យគាត់ទុកដាក់ និងដឹកជញ្ជូនវ៉ាក់ សាំង ឲ្យមានប្រសិទ្ធភាព ។ រដ្ឋាភិបាលអូស្ត្រាលីក៏បានគិតពិចារណា ទៅលើការបន្ថែមវ៉ាក់សំាងថ្មី ដែលផ្អែកតាមស្ថានភាពជាក់ស្តែង ព្រោះនៅកម្ពុជាយើងបានវ៉ាក់សំាងច្រើនណាស់ហើយ ចឹងវ៉ាក់សំាងថ្មីអូស្ត្រាលីមក ក៏ដូចជាវ៉ាក់សំាងដូសទី៣ ឬសម្រាប់កុមារ ដែលយើងកំពុងពិចារណា បន្ថែមពីលើនេះទៀត នឹងកំពុងធ្វើការជាមួយភាគីខាងលើ សំដៅធ្វើយ៉ាងណា ឲ្យជនងាយរងគ្រោះ នៅតំបន់ដាច់ស្រយាល ដូចជាកុមារ ឬស្ត្រីពិការ ជាដើម ។

   លោកស្រីកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ ខ្ញុំមានការអបអរសាទរណាស់ អ្វីដែលលោកបានលើកទ្បើងខាងលើ ទាក់ទងទៅនិងសហប្រតិបត្តិការដល់រដ្ឋាភិបាលយើងខ្ញុំ ​។ 

    លោកស្រីបន្តថា ដើម្បីជំនះនូវបញ្ហាលំបាក ប្រឈមជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលយើងខ្ញុំ ក៏មានបញ្ហាដោះស្រាយ ការលំបាកជាច្រើន ក្នុងជីវភាពរស់នៅរបស់ប្រជាជន ដូចជាការផ្តល់ស្បៀង សម្រាប់ពួកគាត់ ហើយក៏មិនមែនសម្រាប់ផ្គត់ផ្គង់តែក្នុងប្រទេសនោះទេ យើងក៏មានពលរដ្ឋចំណាកស្រុក មកពីប្រទេសថៃ ម៉ាទ្បេស៊ី និងវៀតណាម ដែលយើងត្រូវការគិតគូរខ្ពស់ ។

     លោកស្រី ម៉ែន សំអន បន្តទៀតថា រាជរដ្ឋាភិបាលយើងខ្ញុំ បានព្យាករណ៍ថា ប្រសិនបើការឆ្លងនេះ មានការថយចុះ អត្រាស្លាប់ថយចុះ យើងនឹងឈានទៅបើកសេដ្ឋកិច្ច ទូទាំងប្រទេសទ្បើងវិញ ពេលនោះ ស្រ្តីរបស់យើង កុមារ របស់យើង និងប្រកបមុខរបរ រកចំណូលបានវិញ៕ 

              

ដោយ ៖ សំរិត


ចែករំលែក៖