សារព័ត៌មាន AFP បានដកស្រង់សម្តីឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅទីក្រុង Minsk ដែលបានប្រកាសកាលពីថ្ងៃទី១៧ខែតុលាថា លោកបានចាកចេញពីប្រទេសបេឡារូស(Belarus)ក្រោយពេលប្រទេសនេះសម្រេចបណ្តេញលោកចេញដោយមិនបញ្ជាក់ពីមូលហេតុ។
នៅពេលនេះដែរ បេឡារូសមិនបានបកស្រាយពីមូលហេតុនៃការបណ្តេញឯកអគ្គរដ្ឋទូតបារាំងលោក Nicolas De Bouillane de Lacoste ចេញពីប្រទេសនៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយបេឡារូសបានផ្សាយថា រដ្ឋាភិបាលទីក្រុង Minsk ក៏បានសម្រេចកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនលោកIgor Fesenkoឱ្យចេញពីទីក្រុងប៉ារីស ត្រឡប់ទៅស្រុកវិញផងដែរ។
ប្រភពព័ត៌មានបានផ្សាយថា មូលហេតុដែលបេឡារូសបណ្តេញឯកអគ្គរដ្ឋទូតបារាំងគឺដោយសារតែឯកអគ្គរដ្ឋទូតបារាំង លោក De Lacoste ទទួលតំណាងអង្គការក្រៅរដ្ឋាភិបាលបេឡារូសគឺ Govori Pravdu (អង្គការនិយាយការណ៍ពិត) ដែលរដ្ឋាភិបាលប្រទេសនេះបានហាមប្រាម។ នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតបារាំង គឺមានលោក Andrey Dmitriev ប្រធានអង្គការ Govori Pravdu ក៏ជាអតីតបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតបេឡារូសកាលពីឆ្នាំ២០២០ផងដែរ។
សារព័ត៌មាន AFP បានផ្សាយថា រដ្ឋាភិបាលបេឡារូស បានស្នើឲ្យឯកអគ្គរដ្ឋទូតបារាំងលោក De Lacoste ត្រូវតែចាកចេញពីប្រទេសនេះនៅថ្ងៃទី១៨ខែតុលា។ នៅពេលនេះដែរ អ្នកនាំពាក្យឯកអគ្គរដ្ឋទូតបារាំងបានឱ្យដឹងថា ឯកអគ្គរដ្ឋទូតបានផ្ញើសម្តីលាបុគ្គលិកស្ថានទូត ហើយក៏បានថតវីដេអូខ្លីផ្ញើពលរដ្ឋបេឡារូសផងដែរ ។ ឃ្លីបវីដេអូនឹងបង្ហោះនៅលើគេហទំព័រស្ថានទូតបារាំងនៅថ្ងៃទី ១៨ខែតុលា។
នៅពេលនេះដែរ ក្រសួងការបរទេសបារាំង ក៏ដូចជាឯកអគ្គរដ្ឋទូតបារាំងមិនទាន់មានការវិភាគអ្វីជុំវិញបញ្ហាខាងលើនៅឡើយទេ។ ទំនាក់ទំនងរវាងប្រទេសក្នុងសហគមន៍អឺរ៉ុប និងបេឡារូសកាន់តែអាក្រក់ចាប់តាំងពីប្រធានាធិបតីបេឡារូស លោកAlexander Lukashenko ជាប់ឆ្នោតនៅឆ្នាំ២០២០៕ ដោយ៖ធីរីណា
ប្រភពរូបថត៖REUTERS – BelTA
ប្រភពរូបថត៖Zing news