ខេត្តស្វាយរៀង៖ ស្របពេលរាជរដ្ឋាភិបាលកំពុងមានវិធានការការពារជំងឺឆ្លងថ្មីកូវីដ-១៩ នៅថ្ងៃ ពុធ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២១នេះ មន្រ្តីគម្រោង ត្រៀមបង្ការ និងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សហការជាមួយ មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ ក្រុមកាកបាទក្រហមឃុំ អាជ្ញាធរភូមិ និង អ្នកស្ម័គ្រចិត្តប្រចាំភូមិគោលដៅ បានបន្តចុះអប់រំផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ” ៣ ការពារ ៣ កុំ” ។
ក្នុងឱកាសនោះដែរ មានប្រជាពលរដ្ឋចូលរួម មកពីឃុំស្វាយធំ ស្រុកស្វាយជ្រំ ក្នុងភូមិពពារចំនួន ២៦នាក់ និងភូមិត្រោកតូច ២២ នាក់សរុប ៤៨នាក់ ស្រី ៤២នាក់។ ក្រោមការឧបត្ថម្ភថវិកាដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) និងបានបញ្ជ្រាបការផ្សព្វផ្សាយ ស្តីពីសិទ្ធជនពិការ និងសុវត្ថិភាពចរាចរណ៍ នានា ដើម្បីចូលរួមកាត់បន្ថយអាត្រាស្លាប់ របួស និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ផ្សព្វផ្សាយពីការ លើកកម្ពស់គោលការណ៍គ្រឹះ ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ។
ចំពោះការផ្សព្វផ្សាយនេះ ក្រុមការងារបានចែកម៉ាស់ សាប៊ូដុំ ខិត្តប័ណ្ណអប់រំជំងឺកូវីដ-១៩ ខិត្តប័ណ្ណចរាចរណ៍ ខិត្តប័ណ្ណ ចំណាកស្រុក ប្រកបដោយសុវត្ថិភាព ចាក់សារសម្លេង អប់រំរបស់ក្រសួងសុខាភិបាលតាមរថយន្ត និងចុះអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅទីកន្លែង មួយចំនួនក្នងភូមិ ។ ដើម្បីចូលរួមការពារមេរោគកូវីដ-១៩ បម្លែងថ្មីដ៏កាចសាហាវនេះ ហើយត្រូវបានលើកទឹក ចិត្តដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទូទៅត្រូវអនុវត្ត ឱ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា គឺ ៣ ការពារ និង ៣ កុំ ព្រមទាំង សារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួម ប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កុំឱ្យមានការរីករាលដាលចូលក្នុងសហគមន៍បាន៕
ដោយ៖សហការី