ភ្នំពេញ៖ សូមជម្រាបថា បើយោងតាមប្រភពពីផេក (Cambodia SEA GAMES 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, ក្រុមប្រតិភូ គ្រូបង្វឹក កីឡាការិនីជម្រើសជាតិប៉េតង់៤នាក់បានចេញដំណើរពីមាតុភូមិរបស់ខ្លួន នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឆ្ពោះទៅកាន់ប្រទេសអេស្ប៉ាញ ដែលជាម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
កញ្ញា គីន សំណាង អគ្គលេខាធិការរង សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាគូសបញ្ជាក់ថា ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក អ៊ឹង គឹមស្រ៊ុន ទីប្រឹក្សាសហព័ន្ធ ទទួលបន្ទុកជាប្រតិភូដឹកនាំ និងគ្រូបង្វឹក លោក សុខ ម៉ុង សម្រាប់ព្រឹត្តិការណ៍នេះ។ រីឯកីឡាការិនី៤នាក់ រួមមាន៖ កីឡាការិនី អ៊ុក ស្រីមុំ អ៊ុន ស្រីយ៉ា ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី ឃួន យ៉ារី។
អគ្គលេខាធិការរងរូបនេះបានបង្ហាញនូវស្នាដៃរបស់កីឡាការិនីទាំង៤នាក់ នៅក្នុងការប្រកួតជើងឯកពិភពលោក កន្លងមក រួមមាន៖ កីឡាការិនី អ៊ុក ស្រីមុំ ជាម្ចាស់មេដាយមាស១ និងមេដាយសំរឹទ្ធ ៣គ្រឿង។ កីឡាការិនី អ៊ុន ស្រីយ៉ា ធ្លាប់ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម មេដាយប្រាក់១ និងមេដាយសំរឹទ្ធ១ ខណៈកីឡាការិនី ឃួន យ៉ារី មិនធ្លាប់ឈ្នះមេដាយកម្រិតពិភពលោកនេះទេ។
ចំពោះក្រុមជម្រើសជាតិប៉េតង់ផ្នែកបុរសក៏ត្រៀមចូលរួមការប្រកួតជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញនេះផងដែរ ដោយគ្រោងប្រកួតចាប់ផ្តើមពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២១។
បេក្ខភាពក្រុមជម្រើសជាតិទាំង៤នាក់នេះ គឺជាម្ចាស់ជ័យលាភី ដែលឆ្លងកាត់ការប្រកួតកីឡាប៊ូល និង ប៉េតង់ផ្ទៃក្នុងនៃក្រុមជម្រើសជាតិតាមជំនាញ នៅថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីលានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសម្រិតសម្រាំងរកកីឡាករ កីឡាការិនីជ័យលាភីទៅចូលរួមប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ។
សូមបញ្ជាក់ថា ការប្រកួតជើងឯកពិភពលោកលើកនេះមានការរៀបចំឡើងចំនួន៣ជើងឯកពិភពលោកចូលគ្នាតែម្តង នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ ដូចជាការប្រកួតជើងឯកពិភពលោក ផ្នែកនារី ចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២១ និងជើងឯកពិភពលោកផ្នែកបុរស ចាប់ផ្តើមពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈជើងឯកពិភពលោកយុវជន ចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែក្រុមឈុតយុវជនកម្ពុជាមិនត្រូវបានបញ្ចូនទៅចូលរួមប្រកួតទេ៕
ដោយ៖ សិលា