ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនប្រជាការពារសាលាសង្កាត់បឹងទំពុនទី២ម្នាក់​ក្រោយប្រេីអំពេីហិង្សារុញច្រានទៅលើបុរសម្នាក់ជាប្រជាការពារដូចគ្នាដួលបោកក្បាលចំកញ្ចឹងកស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាការពារសាលាសង្កាត់បឹងទំពុនទី២ម្នាក់ ត្រូវបានក្រុមគ្រួសារជនរងគ្រោះប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន ក្រោយពីប្រជាការពាររូបនេះបានប្រើហិង្សារុញច្រានជនរងគ្រោះដែលជាប្រជាការពារសាលាសង្កាត់បឹងទំពុន២ដូចគ្នាឱ្យដួលផ្ងារក្រោយ បោកក្បាលចំកញ្ចឹងកស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ​កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្នុងសាលាសង្កាត់បឹងទំពុន២ ផ្លូវ៦៩BT ក្រុមទី៥ ភូមិត្នោតជ្រំ១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    បេីតាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ អេម វន ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរជា ប្រជាការពារសាលាសង្កាត់បឹងទំពុនទី២ ស្នាក់នៅផ្ទះលេខ២១៨ ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯជនសង្ស័យជាជនដៃដល់មានឈ្មោះ ហេង សារ៉េត ភេទប្រុស អាយុ៦២ឆ្នាំ ជាប្រជាការពារធ្វើការជាមួយគ្នា រស់នៅក្នុងភូមិក្បាលទំនប់២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សម្ភារដកហូតមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IC-9544 ជារបស់ជនសង្ស័យ។

    ប្រភពដដែលបានបន្តឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយជាមួយឈ្មោះ នន់ ភឿន អាយុ៤៧ឆ្នាំជាប្រជាការពារដូចគ្នាជាមួយប្រជាការពារផ្សេងទៀត។ ពេលនោះ ក៏ស្រាប់តែមានជនសង្ស័យខាងលើ ដែលជាអ្នកធ្វើការជាមួយគ្នា បានជិះម៉ូតូមកដល់និយាយឌឺដង ដៀមដាមប្រមាថមើលងាយមកលើជនរងគ្រោះ ទើបជនរងគ្រោះដើរទៅសួរនាំរហូតមានការឈ្លោះប្រកែកគ្នា ដោយជនសង្ស័យបានរុញច្រាន ជនរងគ្រោះដែលជាប្រជាការពារសាលាសង្កាត់បឹងទំពុន២ដូចគ្នាដួលផ្ងារក្រោយបោកក្បាលចំកញ្ចឹងកស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ទើបកូនបង្កើតរបស់ជនរងគ្រោះប្តឹងសមត្ថកិច្ចឱ្យជួយចាប់ឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមច្បាប់តែម្តង ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖