ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធជាច្រើនគ្រាប់ធ្វើឱ្យកម្លាំងអាវុធហត្ថក្រុងរបួសធ្ងន់និងស្រាល៣នាក់នៅបរិវេណកាស៊ីណូប៉ារ៉ាមិច ក្រុងប៉ោយប៉ែត

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ស្នូរផ្ទុះអាវុធជាច្រើនគ្រាប់រវាងជនជាតិថៃ នឹងកម្លាំងសមត្ថកិច្ចបណ្តាលឱ្យរងរបួសធ្ងន់និងស្រាល៣នាក់ ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពុង ដើរលេងកម្សាន្តនាពេលរាត្រីនៅចំណុចបរិវេណផ្សាររាត្រីទឹកពុះ ស្ថិតនៅទល់មុខ កាស៊ីណូប៉ារ៉ាមិចនាវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

   ប្រភពពីប្រជាពលរដ្ឋដែលស្ថិតនៅនឹងកន្លែងកើតហេតុបានឱ្យដឹងថា ករណីបង្កជម្លោះនេះបង្កឡើងដោយជនបរទេសនៅហាងផឹកស៉ីម្ដុំទឹកពុះផ្កាយ៥ ។

   ភ្លាមៗនោះគេឃើញមានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចូលទៅធ្វើអន្តរាគមន៍ហាមឃាត់ តែក្រុមជនបង្កហេតុមិនស្តាប់ ថែមទាំងបានប្រើហិង្សាគប់ដប គប់កៅអី និងផ្ទុះអាវុធតដៃមកលើកម្លាំងកងរាជអាវុធហត្ថវិញ បណ្ដាលឱ្យកងកម្លាំងរងរបួសចំនួន២ នាក់ និង១នាក់រងរបួសធ្ងន់ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមង្គលបុរី ដោយត្រូវគ្រាប់កាំងភ្លើងរបស់ក្រុមជនបង្កបាញ់ត្រូវចំថ្ពាល់ធ្លាយមកថ្គាម។ ដោយសារតែក្រុមជនបង្កហិង្សាកាន់តែសាហាវបែបនេះទើបកងកម្លាំងសមត្ថកិច្ច បង្ខំចិត្តផ្ទុះអាវុធដើម្បីបង្រ្កាបទៅលើក្រុមជនបង្កហិង្សាខាងលើ និងបានឃាត់ខ្លួនចំនួន១៥នាក់ផងដែរ ។

   បញ្ហាខាងលើនេះលោកឧត្តមសេនីយ៍បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ករណីផ្ទុះអាវុធនៅប៉ោយប៉ែតនេះ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ចំពោះជនជាតិថៃមួយក្រុមនិងក្រុមកាងជនជាតិថៃដែលបង្កការអុកឡុក បង្កបញ្ហាធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។

   ក្រុមបង្កហេតុទាំងនោះបានប្រើដបគប់មកលើកម្លាំងកងរាជអាវុធហត្ថ ព្រមទាំងបានប្រើកាំភ្លើងបាញ់មកលើសមត្ថកិច្ច បណ្តាលឱ្យកម្លាំងកងរាជអាវុធហត្ថរងរបួស៣នាក់ក្នុងនោះមានម្នាក់ត្រូវគ្រាប់កាំភ្លើងដែលជនបង្កបាញ់ធ្លាយថ្ពាល់និងថ្គាមពីម្ខាងទៅម្ខាងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីទប់ទល់ស្ថានការណ៍ ហើយជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួនក្រុមជនបង្កហេតុទាំងនេះបាន១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្សពួកក្រុមបង្កបញ្ហាបន្តបន្ទាប់ទៀត ។

   ចំពោះកម្លាំងសមត្ថកិច្ចដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

ដោយ ៖ វណ្ណា


ចែករំលែក៖