ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរចម្រុះនៃខណ្ឌចំការមនចុះធ្វើការរៀបចំសណ្តាប់ធ្នាប់និងអនុវត្តវិធានការរដ្ឋបាលតាមបណ្តោយផ្លូវលេខ២៧១

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌចំការមនបានចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ និងអនុវត្តវិធានការរដ្ឋបាលនៅតាមទីតាំងមុខផ្ទះមួយចំនួន ខណៈដែលការដាក់តាំងទំនិញផ្សេងៗលក់បានរំលោភយកចិញ្ចើមផ្លូវ ធ្វើឱ្យមានការកកស្ទះចរាចរណ៍និងមិនមានផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរ។

  ការចុះអនុវត្តវិធានការរដ្ឋបាលធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ដឹកនាំដោយលោកយស យុទ្ធី អភិបាលរងខណ្ឌចំការមនដែលមានការចូលរូមពីកម្លាំងសមត្ថកិច្ចចម្រុះរបស់ខណ្ឌចុះរៀបចំសណ្តាប់ធ្នាប់និងអនុវត្តវិធានការរដ្ឋបាលចំពោះប្រជាពលរដ្ឋដែលរំលោភយកចិញ្ចើមផ្លូវតាមបណ្តោយផ្លូវលេខ២៧១ ចាប់ពីចំណុចច្រមុះជ្រូកក្បាលថ្នល់រហូតដល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងខណ្ឌចំការមន។

  លោកយស យុទ្ធី អភិបាលរងខណ្ឌចំការមន បានប្រាប់ឱ្យដឹងថា ការចុះធ្វើវិធានការរដ្ឋបាលនៅពេលនេះគឺយោងតាមសេចក្តីជូនដំណឹងរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញស្តីពីការរៀបចំសណ្តាប់ធ្នាប់លើផ្លូវទាំង១១ខ្សែនៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះនៅព្រឹកនេះអាជ្ញាធរចម្រុះបានចុះធ្វើការរៀបចំសណ្តាប់ធ្នាប់និងធ្វើវិធានការរដ្ឋបាល ចាប់ដកហូតសម្ភារមួយចំនួនដែលម្ចាស់់់់នៅតែគឃ្លើនដាក់តាំងលក់ដោយរំលោភយកចិញ្ចើមផ្លូវសាធារណៈ។ ការចុះធ្វើការរៀបចំសណ្តាប់ធ្នាប់នៅព្រឹកនេះ ក្រៅពីការអនុវត្តវិធានការរដ្ឋបាលក្នុងនាមអាជ្ញាធរខណ្ឌចំការមនក្រោមការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាលខណ្ឌ ក៏បានណែនាំនិងប្រាប់ឱ្យប្រជាពលរដ្ឋមួយចំនួនតូចដែលនៅតែបន្តរំលោភយកចិញ្ចើមផ្លូវដាក់តាំងលក់ទំនិញផ្សេងៗធ្វើកិច្ចសន្យាឈប់ឱ្យដាក់តាំងលក់ទំនិញ ដែលអាចបង្កជាការកកស្ទះចរាចរណ៍ បាត់បង់សោភណភាពទីក្រុងនិងសណ្តាប់ធ្នាប់តាមដងផ្លូវផងដែរ។

  គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវជាកត្តាសំខាន់ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ លើកកម្ពស់កិត្តិយសជាតិ និងកាត់បន្ថយបានភាពអនាធិបតេយ្យតាមដងផ្លូវ។ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចជ្រើសរើសយកផ្លូវសំខាន់ៗចំនួន១១ខ្សែ ធ្វើជាអាទិភាពគំរូ សម្រាប់អនុវត្តវិធានការដោះស្រាយចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យសណ្ដាប់ធ្នាប់តាមដងផ្លូវ និងចរាចរណ៍បានល្អប្រសើរ។ សូមបងប្អូនប្រជាពលរដ្ឋ គណៈបញ្ជាការគ្រប់ខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ចចូលរួមអនុវត្តន៍តាមសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

ដោយ៖ ជីណា


ចែករំលែក៖