ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលមានកិត្តិយសសូមជម្រាបជូន សាធារណជនទាំងអស់ឲ្យបានជ្រាបថា អង្គការសុខភាពពិភពលោកបានរាយការណ៍ ពីការរកឃើញវីរុស បំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា “អូមីក្រុង (Omicron)” ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរាលដាលមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី។ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសម្រេចហាមឃាត់ អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេស ទាំង១០ ក្នុងអំឡុងពេល៣សប្ដាហ៍មុនចូលមកប្រទេសកម្ពុជា ធ្វើដំណើរចូលប្រទេសកម្ពុជា ទាំងតាមផ្លូវ អាកាស ទាំងតាមផ្លូវគោក មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជា នូវមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron) ដោយត្រូវចាប់អនុវត្តក្រោយ ៤៨ម៉ោង បន្ទាប់ពីចេញ សេចក្តីប្រកាសព័ត៌មាននេះ។ ប្រទេសចំនួន១០ នោះរួមមាន (l) Botswana (2) Eswatini (3) Lesotho (4) Mozambique (5) Namibia (6) South Africa (7) Zimbabwe (8) Malawi (9) Angola A (10) Zambia៕
ដោយ៖សុខ ខេមរា