ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ចូសិប បូររែល ហ្វុនតេលលេ អនុប្រធានគណៈកម្មការអឺរ៉ុប

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២១ ខែមករា​ ឆ្នាំ​២០២២នេះ”​ ខ្ញុំបានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។ ជាង២ឆ្នាំហើយ ដែលយើងបានជួបគ្នាផ្ទាល់ចុងក្រោយបង្អស់នៅទីក្រុងម៉ាឌ្រីត”។

លោក​ ប្រាក់​ សុខុន​ បានថ្លែង​បន្តថា​ យើងទាំងពីរពេញចិត្តនឹងភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣  កាលពីឆ្នាំមុន ហើយខ្ញុំបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបនៅពេលនោះ ក៏ដូចជាពេលបច្ចុប្បន្ន ខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ទន្ទឹមនឹងនេះ ជំនួយសុប្បរសធម៌របស់សហភាពអឺរ៉ុប និងប្រទេសសមាជិក ផ្តល់ជូនកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺមានសារសំខាន់ណាស់។

ដោយ​ឡែក​ចំពោះបញ្ហាមីយ៉ាន់ម៉ា យើងបានគូសបញ្ជាក់អំពីសារៈសំខាន់បំផុតនៃការបញ្ឈប់អំពើហិង្សា និងការផ្តល់ជំនួយមនុស្សធម៌ដោយមិនមានការរារាំង និងមិនរើសអើងដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការជំនួយ៕

ដោយ​៖ស​ តារា​


ចែករំលែក៖