មន្ត្រីប្រេស៊ីលបានប្រកាសឱ្យដឹងថា គ្រោះទឹកជំនន់បាក់ដីនៅរដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេបង្អស់ក្នុងប្រទេសនេះ បណ្តាលឱ្យមានមនុស្ស១៩នាក់ស្លាប់ ។
មន្ត្រីរដ្ឋាភិបាលប្រេស៊ីលបានប្រកាសនៅថ្ងៃទី៣០ខែមករា(ពេលវេលាក្នុងតំបន់) ថា មានមួយគ្រួសារសមាជិក៣នាក់បានស្លាប់ ដោយការបាក់ស្រុតផ្ទះស្ថិតនៅទីក្រុង Embu das Artes ។ អភិបាលរដ្ឋ Sao Paulo លោក João Doria បានប្រកាសថា មានកុមារ៤នាក់នៅក្នុងទីក្រុង Francisco Morato បានស្លាប់ និងមនុស្ស៤នាក់ទៀតក្នុងទីក្រុង Franco da Rochaក៏បានស្លាប់ដែរ។
អភិបាលរដ្ឋលោក João Doria បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រដើម្បីត្រួតពនិត្យតំបន់រងគ្រោះដោយទឹកជំនន់។
ក្រៅពីអ្នកស្លាប់ក៏មាន មនុស្ស៩នាក់ផ្សេងទៀតបានទទួលរងរបួស និង៤នាក់ក៏បាត់ខ្លួនផងដែរ ស្របពេលដែលប្រជាជនប្រមាណ៥០០គ្រួសារត្រូវបាត់បង់ទីជម្រកនៅទូទាំងរដ្ឋ Sao Paulo។ អភិបាលរដ្ឋ Sao Paulo បានអនុញ្ញាតឱ្យផ្តល់ជំនួយបន្ទាន់ស្មើនឹងទឹកប្រាក់ជិត២.៨លានដុល្លារអាមេរិកសម្រាប់ទីក្រុងនានាដែលរងការប៉ះពាល់។
នៅពេលនេះដែររដ្ឋាភិបាលប្រេស៊ីលបានឱ្យដឹងថា ខ្លួនកំពុងតែតាមដានស្ថានការណ៍នៅរដ្ឋ Sao Paulo។ ចាប់តាំងតែពីខែធ្នូ ឆ្នាំ២០២១មក ការធ្លាក់ភ្លៀងខ្លាំង បានបណ្តាលឱ្យមានការជន់លិចយ៉ាងអាក្រក់ៗ នៅតំបន់ភាគខាងកើតនៃប្រទេសនេះ៕
ដោយ៖ សាធី(រូបថត៖Laodong.vn)