ភ្នំពេញ ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា, នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តTYDAបានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩លើក្រុមបាតុករ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ចំនួន២៦៣នាក់។ ជាលទ្ធផលគិតត្រឹមម៉ោង០៦:៥០នាទី នៅល្ងាចថ្ងៃដដែលនេះ មានចំនួន០៤នាក់ ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន ដោយពុំទាន់យកសំណាកអស់គ្រប់គ្នាទេ។
មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញណែនាំក្រុមបាតុករទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នក វិជ្ជមានកូវីដ-១៩ត្រូវធ្វើចក្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។ បន្ទាប់ពីការធ្វើចក្តាឡីស័កចប់ត្រូវយកសំណាកនៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផលមកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត។
ទន្ទឹមនឹងនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញស្នើអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយក្រុមបាតុករព្រមទាំងបងប្អូនបាតុករដែលមិនទាន់បានយកសំណាកវិភាគមេរោគកូវីដ-១៩ ត្រូវទៅធ្វើតេស្ត រកមេរោគតាមកន្លែងកំណត់នៅរាជធានីភ្នំពេញ។
ទទួលបានសេចក្ដីជូនដំណឹងនេះ សូមសាធារណជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងបងប្អូន បាតុករទាំងអស់ ជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា