ខេត្តស្ទឹងត្រែង៖ លោក គឹម ប្រុស ប្រធានសាខានៃអគ្គនាយកដ្ឋាន ប្រឆាំងការបង្ក្រាបទំនិញក្លែងក្លាយគ្រប់ប្រភេទ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងដកហូតទំនិញខូចគុណភាព ជាច្រើនមុខ បានជិត៦០គីឡូក្រាម ។
មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ហៅកាត់ថា.ក .ប.ប) ប្រចាំការនៅខេត្តស្ទឹងត្រែង បានចុះពិនិត្យនិងដកហូតទំនិញខូចគុណភាព យកមករក្សាទុករួចធ្វើការដុតបំផ្លាញចោលនៅពេលក្រោយ។
ការចុះពិនិត្យទំនិញដែលបងប្អូនអាជីវករ ដាក់លក់ដូរ នៅក្នុងផ្សារធំសាមគ្គីក្រុងស្ទឹងត្រែងនិងដាក់លក់នៅតាមផ្ទះអមសងខាងផ្លូវផងដែរនោះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២២នេះ។
លោក គឹម ប្រុស ប្រធានសាខានៃអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ទំនិញក្លែងក្លាយប្រចាំខេត្តស្ទឹងត្រែងបានបញ្ជាក់ថា: កន្លងមកមន្ត្រី ជំនាញផ្នែកនេះបានធ្វើការណែនាំជាច្រើនលើករួចមកហើយ ដល់បងប្អូនអាជីវករដែលនាំចូលយកទំនិញមកបោះដុំ ដល់អាជីវករលក់ចែកចាយបន្ត។ ត្រូវតែចេះមើលខែឆ្នាំ កាលបរិច្ឆេទប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងត្រូវជ្រើសរើសយកក្រុមហ៊ុនណា ដែលផលិតផលមានគុណភាពល្អ មានរសជាតិឆ្ងាញ់ បរិភោគទៅមិនធ្វើឲ្យប៉ះពាល់សុខភាពបងប្អូន យើងយកទៅបរិភោគ។
លោកបន្តថា: ចំពោះការដាក់តាំងលក់ចំណីអាហារលើកក្រោយៗទៀត បើរកឃើញថាមានខូចគុណភាពទៀត មន្ត្រីជំនាញនិងអនុវត្តផាកពិន័យតាមច្បាប់ សុវត្ថិភាពចំណីអាហារ តាមប្រកាសអន្តរក្រសួងលេខ៣៣៨ស.ហ.វ ប្រ.ក ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ដូចនេះគ្រប់ទំនិញម្ចាស់អាជីវករ ត្រូវចេះត្រួតពិនិត្យដោយខ្លួនឯង ឲ្យបានម៉ត់ចត់ នូវសំបកវិចខ្ចប់ខាងក្រៅ និងសំបកកេសវេចខ្ចប់ មានកាលបរិច្ឆេទត្រឹមត្រូវ ពេលដែលទទួលពីគេមក កាលបរិច្ឆេទប្រើប្រាស់ និងកាលបរិច្ឆេទកំណត់ ឬមុខទំនិញណាមួយយូរ សង្ស័យថាហួសកាលបរិច្ឆេទប្រើប្រាស់នោះត្រូវដកចេញ។
លោកបញ្ចាក់ទៀតថា: លើកក្រោយលោកអត់ត្រូវមានការណែនាំទៀតទេ គឺចុះមកនេះត្រួតពិនិត្យឃើញហួសកាលបរិច្ឆេទ គឺពិន័យតែម្តង ព្រោះរាប់ឆ្នាំមកហើយ អញ្ចឹងបានច្បាប់ចេញមកត្រូវពិន័យទើបរៀងចាល ត្រូវតែព្យាយាមខ្លួនឯង មើលរក្សាទំនិញខ្លួនឯង ទុកដាក់ឲ្យបានស្រួលបួល មុនការលក់ដូរហើយមើលកាលបរិច្ឆេទរបស់វាឲ្យបានច្បាស់លាស់ និងត្រូវមើលតាមដានជានិច្ច។
លោកស្រី សុខ គី អ្នកលក់គ្រឿងបរិភោគនៅក្នុងផ្សារស្ទឹងត្រែងបានទទួលស្គាល់ថា: កន្លងមកបងប្អូនអាជីវករយើងធ្លាប់បានទទួលការដាស់តឿនណែនាំ ពីរមន្ត្រីជំនាញជាញឹកញាប់រួមមកហើយ ឱ្យត្រួតពិនិត្យទំនិញដោយខ្លួនឯង នេះជាពិសេស ការជ្រើសរើសចំណីអាហារមានគុណភាព ល្អសុវត្ថិភាពមកលក់ដូរ។
លោកស្រីបញ្ជាក់ថា: ការអនុវត្តបានត្រឹមត្រូវ តាមការណែនាំ វាផ្តល់ភាពទំនុកចិត្តគ្នាទៅវិញទៅមករវាងអ្នកលក់និងអ្នកទិញ ហើយយើងរួមគ្នាបញ្ចៀសបាន ពីភាពគ្រោះថ្នាក់ដែលបង្កឡើងមកពីចំណីអាហារផងដែរ។
ចំណែកលោកស្រី សកល សីលា អ្នកលក់ចំណីអាហារនាំចូលលក់ នៅតាមផ្ទះជិតផ្សារស្ទឹងត្រែងក៏បានទទួលការណែនាំនេះដែរ ហើយអ្វីដែលមានភាពខុសឆ្គង ក្នុងនាមម្ចាស់អាជីវកម្ម លោកស្រីអនុវត្តតាមការក្រើនរំឰក របស់មន្ត្រីជំនាញដើម្បីបំរើអតិថិជន មកទិញទំនិញយកទៅបរិភោគមិនបង្កផលប៉ះពាល់ដល់ផ្នែកសុខភាព។
សូមបញ្ជាក់ថា: សកម្មភាពចុះត្រួតពិនិត្យចំណីអាហារនេះ ក្រុមការងារមន្ត្រីក.ប.បបានដកហូតទំនិញខូចគុណភាពរួមមាន ៖ -ប្រហិតចម្រុះ៣៣គីឡូក្រាម-ទឹកសេរ៉ូ១៣ដប-ទឹកប៉េងប៉ោះ០៧ដប-នំកូនក្មេង០៣គីឡូក្រាម-ប័រចំនួន១៥ប្រអប់ និងចំណីអាហារផ្សេងៗជាច្រើនមុខទៀត សរុបមានទម្ងន់ជិត៦០គីឡូក្រាម យកទៅរក្សាទុកដើម្បីកំទេចចោលនៅពេលក្រោយ ៕
ដោយ៖ មាស សុផាត