FIFA កាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈបានបញ្ជាឱ្យប្រេស៊ីល និងអាហ្សង់ទីនប្រកួតឡើងវិញនូវការប្រកួតជម្រុះ World Cup ក្នុងតំបន់អាមេរិកខាងត្បូងដែលបានផ្អាកនៅទីក្រុង Sao Paulo កាលពីខែកញ្ញា ជុំវិញការចោទប្រកាន់ថា បានបំពានលើការស្នាក់នៅដាច់ដោយឡែកពីគេ ដោយករណីឆ្លង COVID-19 ។
មន្ត្រីសុខាភិបាលប្រេស៊ីលបានសម្រុកចូលទីលានប្រកួតរយៈពេល៧នាទីក្នុងជំនួបកាលពីថ្ងៃទី៥ ខែកញ្ញា រវាងក្រុមយក្សនៅអាមេរិកខាងត្បូងទាំង២ខាងលើនៅឯកីឡដ្ឋាន Neo Quimica Arena ទីក្រុង Sao Paulo ដោយបានបញ្ឈប់ការប្រកួត និងបង្កឱ្យមានការប៉ះទង្គិចគ្នារវាងមន្ត្រីក្រុមនឹងកីឡាករ។
សេចក្តីថ្លែងការណ៍របស់ FIFA បានឲ្យដឹងថា បន្ទាប់ពីការស៊ើបអង្កេតយ៉ាងហ្មត់ចត់នូវធាតុផ្សំនៃអង្គហេតុផ្សេងៗ និងផ្អែកលើបទប្បញ្ញត្តិជាធរមាន គណៈកម្មាធិការវិន័យរបស់ FIFA បានសម្រេចថា ការប្រកួតគួរតែត្រូវលេងឡើងវិញតាមកាលបរិច្ឆេទ និងទីតាំងដែលត្រូវសម្រេចដោយ FIFA។
ប្រទេសទាំង២មិនទាន់ចាញ់ក្នុងការប្រកួតជម្រុះនៅអាមេរិកខាងត្បូងនោះទេ ហើយប្រាកដថា នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង២ក្រុមក្នុងក្រុមទាំង១០ ទោះបីជាក្រុមទាំងពីរមានការប្រកួតចំនួន៣ដែលត្រូវលេង រួមទាំងការប្រកួតឡើងវិញផងដែរ។ ក្រុមកំពូលទាំង៤មានសិទ្ធិសម្រាប់ការប្រកួត World Cup នៅប្រទេសកាតាដោយស្វ័យប្រវត្តិ។
ប៉ុន្មានម៉ោងមុនការប្រកួតនៅលើទីលានកាលពីខែកញ្ញា ទីភ្នាក់ងារតាមដានសុខភាពជាតិរបស់ប្រេស៊ីល (ANVISA) បាននិយាយថា កីឡាករអាហ្សង់ទីន៤នាក់ដែលមានមូលដ្ឋាននៅក្លិបអង់គ្លេសនៅពេលនោះ គួរតែត្រូវបានដាក់ឱ្យនៅដាច់ពីគេជាបន្ទាន់សម្រាប់ការបំពានលើពិធីសារ Covid-19 ។
យោងតាម ANVISA កីឡាករនៅ Premier League ដូចជា Cristian Romero បន្ទាប់មកកីឡាករ Giovani Lo Celso របស់ Tottenham, Emiliano Martinez របស់ Aston Villa និង Emiliano Buendia បានផ្តល់ព័ត៌មានមិនពិតនៅពេលចូលប្រទេសប្រេស៊ីល។
កាលពីថ្ងៃចន្ទ FIFA បានប្រកាសថា ការបោះបង់ការប្រកួតនេះកើតចេញពីចំណុចខ្វះខាតមួយចំនួននៃភាគីពាក់ព័ន្ធចំពោះការទទួលខុសត្រូវរៀងខ្លួន។ FIFA បានហាមប្រាមកីឡាករអាហ្សង់ទីនទាំង៤រូបចំនួន២ប្រកួតក្នុងម្នាក់ៗពីបទ “មិនគោរពតាមពិធីសារការប្រកួតអន្តរជាតិរបស់ FIFA Return to Football”។
សមាគមបាល់ទាត់ប្រេស៊ីលត្រូវបង់ប្រាក់ចំនួន៥៤០,០០០ដុល្លារសម្រាប់ “ការរំលោភលើសណ្តាប់ធ្នាប់ និងសន្តិសុខ”។ ជាមួយគ្នានេះសមាគមបាល់ទាត់អាហ្សង់ទីនត្រូវបានពិន័យជាប្រាក់២៤០,០០០ដុល្លារសម្រាប់ ការខកខានរបស់ខ្លួនក្នុងការអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនទាក់ទងនឹងសណ្តាប់ធ្នាប់ និងសន្តិសុខ ការរៀបចំ និងការចូលរួមក្នុងការប្រកួតផងដែរ។ចំណែកសហព័ន្ធទាំងពីរក៏ត្រូវបានពិន័យជាប្រាក់៥៤,០០០ដុល្លារសម្រាប់ការបោះបង់ការប្រកួតខាងលើ ៕
ដោយ៖ ភារៈ(រូបភាព ៖ AFP/CNA)