ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនជំរុញឱ្យប្រជាពលរដ្ឋខេត្ដប៉ៃលិនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ជាពិសេស កុមារមានអាយុ៣-៥ឆ្នាំនិង១២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ដងទង់ដែលមានកម្ពស់២១ម៉ែត្រ ស្ថិតក្នុងវត្តរតនសោភណ្ឌ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់  ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹក ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ។

    ក្នុងកម្មវិធីនេះផងដែរក៏មានវត្តមាន នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិន លោក លោកស្រី ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាខេត្ត ឧបាសិកា ដន ឧត្តម ឧបាសិកា ឆេង ស៉ីម  លោកឧត្តមសេនីយ៍ឯក សៀន សេង លោកស្រី សៀង ស៉ីពោធិ៍ និងក្រុមគ្រួសារព្រមទាំងមន្រ្តីរាជការ ពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ ។

      ថ្លែងក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពិធីថ្ងៃនេះអាចដំណើរទៅបានគឺដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវការបង្រួបបង្រួមជាតិទាំង ស្រុង នាំមកវិញនូវរបបរាជានិយម  អាស្រ័យរដ្ឋធម្មនុញ្ញ មានស្ថិរភាព នយោបាយ តាមរយៈការអនុវត្តនយោបាយ ឈ្នះ=ឈ្នះ  និងនាំមកនូវ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ រហូតដល់បច្ចុប្បន្ននេះ ដោយបានប្រែក្លាយតំបន់នេះទៅជាតំបន់ព្រំដែនសន្តិភាព និងជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ប្រកបដោយការទាក់ទាញ ។

     លោកស្រី ម៉ែន សំអន ក៏បានថ្លែងនូវការកោតសសើរដល់លោកស្រី បាន ស្រីមុំ អភិបាលខេត្តដែលបានដឹកនាំនិងកសាងនូវរាល់សមិទ្ធផលក្នុងខេត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។  ដោយឡែកសមិទ្ធផលដងទង់ថ្មី១គូថ្ងៃនែះគឺបានបង្ហាញអំពីការរីកចម្រើនផ្នែកពុទ្ធចក្រ ដែលបានកើតចេញពីសទ្ធាជ្រះថ្លារបស់  លោកឧត្តមសេនីយ៍ឯក សៀន សេង និងលោកស្រី សៀង ស៉ីពោធិ៍ ព្រមទាំងក្រុមគ្រួសារបានរួមគ្នាកសាងនូវដងទង់១គូកម្ពស់២១ម៉ែត្រ ចំណាយថវិកាអស់២៤.០០០ដុល្លារ សម្រាប់តម្កល់ទុកក្នុងវិស័យព្រះពុទ្ធសាសនា ។

   លោកស្រីឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃ ត្រូវ៖ ១-បន្តការខិតខំតទៅទៀតក្នុងការ ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ជាពិសេស ត្រូវអនុវត្តវិធានការ «៣ការពារ និង ៣កុំ» ជាចាំបាច់។ ២-ត្រូវចូលរួមអនុវត្តតាមសារាចរស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នូវមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ។ ៣-ថែរក្សា ការពារ នូវសមិទ្ធផលនេះឱ្យបានស្ថិតស្ថេរគង់វង្សទុកជាសម្បតិក្នុងព្រះពុទ្ធសាសនា ។ ៤-មន្រ្តីរាជការ និងព្រះសង្ឃត្រូវតែដើរតួក្នុងការផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំង និងបំផុសដល់កុមារនៅតាមមូលដ្ឋានទៅចាក់វ៉ាក់សាំងនៅតាមទីតាំងដែលបានកំណត់សម្រាប់ដូសទី១ កុមារមានអាយុពី៣-៥ឆ្នាំ និងការបន្តចាក់ដូសទី៣សម្រាប់កុមារដែលមានអាយុចាប់ពី ៦-១២ឆ្នាំ ស្របតាមការអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងចូលក្នុងសហគមន៍ របស់យើងបន្ដទៀត ៕

ដោយ ៖ សំរិត


ចែករំលែក៖