ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនគាំទ្រដល់មិត្តបរទេសណា​ដែលទាមទារបំបែករដ្ឋនោះទេ

ចែករំលែក៖

ខេត្តកំពត : សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនគាំទ្រដល់មិត្តបរទេសណា​ដែលទាមទារបំបែករដ្ឋនោះទេ ដោយសម្តេចបញ្ជាក់ថា សម្តេចនៅតែមានទស្សនទានថា ‘’ យើងមិនអាចយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះទេ’’ ដែលនេះជាអ្វីដែលកម្ពុជាប្រកាន់ខ្ជាប់កន្លងមក។ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជម្លោះប្រដាប់អាវុធរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងក្លាយជាសង្គ្រាមដែលមានការរីកធំ ប្រសិនបើអឺរ៉ុបធ្វើសកម្មភាពដូចពេលនេះ ឬអឺរ៉ុបនីយកម្មសង្គ្រាម លើទឹកដីអ៊ុយក្រែន។ សម្តេចបញ្ជាក់ថា រុស្ស៊ីមិនអាចកម្ទេចអ៊ុយក្រែនបាន ហើយអ៊ុយក្រែន ក៏មិនអាចយកឈ្នះរុស្ស៊ីបានដែរ។

សម្តេចតេជោថ្លែងបែបនេះខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣(ភ្នំពេញ-កំពត) ប្រវែងជាង១៣៤គីឡូម៉ែត្រ ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៣ គឺជាផែនការយុទ្ធសាស្ត្ររបស់ជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅកាន់ខេត្តភាគនិរតី នៃប្រទេសរួមមាន កំពត កែប និងខេត្តចំនួន៣ទៀត បានយ៉ាងងាយស្រួល និងឆាប់រហ័ស។
សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធអោយប្រុងប្រយ័ត្នការប្រើប្រាស់ច្បាប់ ស្តីពីអស្សាមិករណ៍ ដែលសភាអនុម័តកាលពីឆ្នាំ២០០៩ សម្រាប់គម្រោងស្ថាបនា ស្តារ និងពង្រីកហេដ្ឋានរចនាសម្ព័ន្ធ។ សម្តេចបញ្ជាក់ថា មុននឹងអនុវត្តច្បាប់អស្សាមិករណ៍ ត្រូវសុំយោបល់ជាមុន ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិ ដោយកត្តាគ្រោះថ្នាក់ទាំងនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងកូវីដ-១៩​ ទាំងដុសមូលដ្ឋាន និងដូសជំរុញ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ប្រឆាំងកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនគាំទ្រដល់មិត្តបរទេសណា​ដែលទាមទារបំបែករដ្ឋនោះទេ ដោយសម្តេចបញ្ជាក់ថា សម្តេចនៅតែមានទស្សនទានថា ‘’ យើងមិនអាចយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះទេ’’ ដែលនេះជាអ្វីដែលកម្ពុជាប្រកាន់ខ្ជាប់កន្លងមក៕

ដោយ៖សុខ ខេមរា


ចែករំលែក៖