ភ្នំពេញ ៖ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរគ្រឿងញៀនជាហូរហែរ ខណៈដែលក្រុមឧក្រិដ្ឋជនគ្រឿងញៀន តែងតែប៉ុនប៉ងនាំគ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីយកទៅជួញដូរ និងចែកចាយទៅកាន់បណ្តាប្រទេសផ្សេងៗទៀត ។
សូមបញ្ជាក់ថា សមត្ថកិច្ច បានចាត់វិធានការទប់ស្កាត់គ្រប់កាលៈទេសៈ ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនជាបន្តបន្ទាប់ ដែលមួយខែៗ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់ប្រទេសកម្ពុជាយើង បានខិតខំប្រឹងប្រែងបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនជាច្រើនករណី ព្រមទាំងចាប់យកវត្ថុតាងថ្នាំញៀនរាប់គីឡូក្រាមផងដែរ ។
យោងតាមរបាយការពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ប្រាប់អោយដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀនចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២២ សមត្ថកិច្ចបង្ក្រាប សរុប ១.១០០ករណី ឃាត់មនុស្ស ២.៤៣៨នាក់ ស្រី ២០៤នាក់ ។ ចាប់យកវត្ថុតាងសារធាតុញៀនគ្រប់ប្រភេទជាង ៦៤៣kg , កញ្ឆា ១៣៨៧ដើម, កញ្ឆាស្ងួតជាង ៣១kg , សារធាតុផ្សំគីមី ១៧៣tone ៣៨០kg , រថយន្ត ២៥គ្រឿង ,ម៉ូតូ ២៧១គ្រឿង ,ទូរស័ព្ទ ១០២៧គ្រឿង ,ជញ្ជីង ៧៣គ្រឿង , អាវុធខ្លី ៥ដើមនិងអាវុធវែង ៦ដើម។
សូមបញ្ជាក់ទៀតថា សមត្ថកិច្ចបានអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀន កាលពីខែ កុម្ភៈ ឆ្នាំ ២០២២ សមត្ថកិច្ចបង្ក្រាប ៥៣២ករណី ឃាត់មនុស្ស ១១៣៦នាក់ ស្រី ១១៣នាក់ ។
ក្នុងនោះ វត្ថុតាងសារធាតុញៀនគ្រប់ប្រភេទដកហូតជាង ២៩kg , កញ្ឆា ១៣៨៧ដើម, កញ្ឆាស្ងួត ជាង ៥kg និងសារធាតុផ្សំគីមី ១៣kg ។ រថយន្ត៧គ្រឿង ,ម៉ូតូ ១៣៤គ្រឿង,ទូរស័ព្ទ ៤៩៣គ្រឿង , ជញ្ជីង ៣៥គ្រឿង , និង អាវុធខ្លី ២ដើម ៕
ដោយ៖ រ៉ារ៉ា