ព័ត៌មានទាន់ហេតុការណ៍៖

មេឈ្មួញដឹកឈើដុះស្លែប្រចាំស្រុករវៀង ឈ្មោះ ខ្លា អស់លក្ខណ៍ដោយសារនាយផ្នែករដ្ឋបាលព្រៃឈើររៀង

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ខ្លា ដែលជាឈ្មួញឈើដុះស្លែប្រចាំស្រុករវៀង ដែលមិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាបកន្លងមក ពេលនេះអស់លក្ខណ៍ហើយ ដោយសារលោក ស៊ុំ សុវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងស្ទាក់ចាប់បានយប់មិញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២២ ។

រថយន្តដឹកឈើ ឈ្មោះ ខ្លា ម៉ាកសាំយ៉ុង ពាក់ស្លាកលេខបន្ទាយមានជយ័ 2A 4867 យោងតាមអ្នកដឹងហេតុការណ៍បានអោយដឹងថា រថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះខ្លា បានរៀបដឹកឈើចេញពីចំណុចបុស្សសៀម ស្ថិតនៅក្នុងភូមត្រពាំងផ្ចឹក ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ឆ្ពោះទៅលក់អោយដេប៉ូនានានៅក្នុងខេត្តកំពង់ធំ តែត្រូវបែកការណ៍ ឈានទៅដល់ការបង្ក្រាបតែម្តង ។

កន្លងមកមេឈ្មួញឈ្មោះ ខ្លា តែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុករវៀង ទៅខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦២សមត្ថកិច្ចនៅតាមដងផ្លូវមិនដែលហ៊ានក្អកជាមួយរថយន្តដឹកឈើឈ្មោះ ខ្លា ម្តងណាឡើយ ហើយត្រូវបានគេរាយការណ៍ថា ដោយសារមានលោកផ្កាយ១ ជានគរបាលកាងពីក្រោយបទល្មើសដឹកជញ្ជូនឈើនេះ ។

លោក ស៊ុំ សុវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានអោយដឹងថា រថយន្តដឹកឈើនេះត្រូវបានបង្ក្រាបហើយ ហើយក៏មានអ្នកអន្តរាគមន៍ច្រើនដែរ សុំអោយដោះលែងរថយន្តដឹកឈើនេះ ការសុំអន្តរាគមន៍អោយដោះលែងរថយន្តដឹកបទល្មើសព្រៃឈើ បានធ្វើសមត្ថកិច្ចជំនាញអស់ទឹកចិត្តធ្វើការ ដោយសារមិនស្មើភាពចំពោះប្រជាពលរដ្ឋដឹកឈើគ្រាន់តែយកទៅប្រើប្រាស់ ត្រូវបានបញ្ជាអោយបង្ក្រាប លោក ស៊ុំ សុវត្ថា បានអោយដឹងទៀតថា ទោះបីមានអន្តរាគមន៍យ៉ាងណាក៏ដោយ លោកធ្វើទៅតាមច្បាប់មិនអាចដោះលែងបានទេ ។

វប្បធម៌អន្តរាគមន៍គួរត្រូវបានបញ្ឈប់ ទុកសិទ្ធអោយជំនាញគេធ្វើការផង ។

ករណីនេះវត្ថុតាងមានរថយន្តនឹងឈើត្រូវបានរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖