ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងនឹងសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប ICBM

ចែករំលែក៖

កូរ៉េខាងត្បូងនិងអាមេរិកបានប្រកាសថា កូរ៉េខាងជើងបានត្រៀមលក្ខណៈសាកល្បងកាំជ្រួចមីស៊ីលអន្តរជាតិ (ICBM) នៅពេលដ៏ខ្លីខាងមុខ ។
ការលើកឡើងខាងលើក្រោយពេលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាសុីនតោនបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាបានសាកល្បង មីស៊ីល(ICBM) នៅថ្ងៃទី ២៧ខែកុម្ភៈ និងថ្ងៃទី៥ខែមីនា ។
កូរ៉េខាងជើងមិនបានប្រកាសពីប្រភេទមីស៊ីលដែលបានសាកល្បងនាពេលកន្លងមកនោះឡើយ ដោយគ្រាន់តែបានប្រកាសថាបានសាកល្បងផ្នែកមួយនៃផ្កាយរណបស៊ើបករណ៍ដែលប្រទេសនេះកំពុងអភិវឌ្ឍន៍។ ភាគីអាមេរិក និងកូរ៉េខាងត្បូងសន្និដ្ឋានថា កូរ៉េខាងជើងបានសាកល្បងមីស៊ីល ICBM Hwasong-17 ដែលបានបង្ហាញនៅក្នុងពិធីព្យុហយាត្រាកាលពីខែតុលាឆ្នាំ២០២០។
ភាពតានតឹងនៅឧបទ្វីបកូរ៉េបាននិងកំពុងមានការកើនឡើងចំពេលដែលមានសញ្ញាថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតាមការព្រមានរបស់ខ្លួន នាពេលកន្លងមក ដើម្បីចាប់ផ្តើមបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប (ICBM) ឡើងវិញ បន្ទាប់ពីបានផ្អាកដោយខ្លួនឯងចាប់តាំងពីឆ្នាំ២០១៧មក។
សារព័ត៌មាន Chosun Ilbo បានរាយការណ៍ថា ការិយាល័យរបស់ប្រធានាធិបតីផុតអាណត្តិ គឺលោក មូន ជេអ៉ីន បានប្រាប់ប្រធានាធិបតីជាប់ឆ្នោត លោក យូន ស៊ុកយុល (Yoon Suk-yeol) ថា ការបាញ់តេស្តមីស៉ីល ICBM គឺអាចនឹងកើតឡើងក្នុងពេលឆាប់ៗ ហើយវានឹងមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ប្រសិនបើការសាកល្បងនោះកើតឡើងនៅថ្ងៃចន្ទនេះតែម្តង។
ការជូនដំណឹងខាងលើត្រូវបានធ្វើឡើង ខណៈដែលទីប្រឹក្សាសន្តិសុខជាតិរបស់លោកមូន គឺលោក ស៊ូ ហ៊ូន (Suh Hoon) បានផ្តល់របាយការណ៍ដល់លោក យូន កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ជុំវិញបញ្ហាជាច្រើនពាក់ព័ន្ធគោលនយោបាយការបរទេស និងសន្តិសុខ។ អ្នកនាំពាក្យការិយាល័យលោក មូន បានទទួលស្គាល់ថា លោក ស៊ូ បានរាយការណ៍ប្រាប់លោក យូន អំពីសកម្មភាពថ្មីៗនេះរបស់កូរ៉េខាងជើង រួមទាំងការបាញ់មីស៉ីល ព្រមទាំងវិបត្តិអ៊ុយក្រែន ក្នុងចំណោមបញ្ហាផ្សេងៗទៀត ប៉ុន្តែបានបដិសេធមិនធ្វើការអត្ថាធិប្បាយ ជុំវិញរបាយការណ៍របស់កាសែត Chosun Ilboនោះទេ៕ ដោយ៖ ធីរីណា

រូបថត៖Yonhap


ចែករំលែក៖